នៅពេលល្ងាចថ្ងៃមួយ ក្នុងខែសីហា នៅរដ្ឋវើមុន មានបេសកជនវ័យក្មេងម្នាក់ បានចែកចាយទីបន្ទាល់ក្នុងព្រះវិហារដ៏តូចរបស់ខ្ញុំ។ គាត់ និងភរិយារបស់គាត់បានបម្រើព្រះ ក្នុងប្រទេសមួយ ដែលកំពុងមានភាពវឹកវរផ្នែកសាសនា ហើយគេបានចាត់ទុកប្រទេសនេះ ជាប្រទេសដែលមានគ្រោះថ្នាក់ច្រើនពេក ចំពោះក្មេងៗ។ គាត់បានយករឿងជាច្រើនមកនិយាយប្រាប់យើង ដែលក្នុងចំណោមនោះ គាត់បានប្រាប់យើង អំពីដំណាក់កាលដ៏ឈឺចាប់ ពេលដែលកូនស្រីគាត់បានអង្វរគាត់ កុំឲ្យយកនាងទៅផ្ញើនៅសាលារៀន(ដែលមានកន្លែកស្នាក់នៅ និងអាហារសម្រាប់ក្មេងៗ)។
កាលនោះ ខ្ញុំទើបតែក្លាយជាឪពុកគេ ដោយព្រះទ្រង់ទើបតែប្រទានពរ ឲ្យមានកូនស្រីម្នាក់ ហើយរឿងរបស់បេសកជនបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសោះ។ ខ្ញុំសួរក្នុងចិត្តម្នាក់ឯងថា “បើពួកគេជាឪពុកម្តាយដែលមានក្តីស្រឡាញ់មែន រឿងអីដែលពួកគេ ផ្ញើកូននៅសាលារៀន ក្នុងតំបន់ដែលគ្រោះថ្នាក់ដូចនេះ?” ពេលដែលគាត់ចែកចាយទីបន្ទាល់ចប់ ខ្ញុំមានកំហឹងយ៉ាងខ្លាំង បានជាខ្ញុំមិនចង់ជួបមុខគាត់ទៀត។ ខ្ញុំក៏បានដើរចេញពីព្រះវិហារយ៉ាងលឿន ដោយនិយាយឮៗថា “ខ្ញុំអរព្រះគុណព្រះអង្គ ដែលខ្ញុំមិនដូចជា…”
ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានបង្អាក់ មិនឲ្យខ្ញុំនិយាយឲ្យចប់។ ខ្ញុំក៏បានភ្ញាក់ខ្លួនព្រើត ដោយដឹងថា ខ្លួនឯងកំពុងតែនិយាយត្រាប់តាមពួកផារិស៊ីម្នាក់ ក្នុងព្រះគម្ពីរលូកា ដែលបានអធិស្ឋានថា “ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត”(លូកា ១៨:១១)។ ពេលនោះ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ចំពោះអាកប្បកិរិយ៉ារបស់ខ្លួន ដែលមិនបានយល់ពីស្ថានភាពរបស់គ្រួសារបេសកជន។ តើព្រះទ្រង់មានការមិនសប្បាយព្រះទ័យយ៉ាងណាចំពោះខ្ញុំ! ចាប់តាំងពីពេលល្ងាចថ្ងៃនោះមក ខ្ញុំក៏បានទូលសូមព្រះឲ្យជួយខ្ញុំ ឲ្យចេះស្តាប់អ្នកដទៃ ដោយការបន្ទាបខ្លួន និងការគ្រប់គ្រងខ្លួនឯង ពេលដែលគេចែកចាយ អំពីការសារភាព អំពីការងារ ឬអំពីការឈឺចាប់ ចេញពីចិត្ត។-Randy Kilgore