នៅទីក្រុង ហ្សាក្រេប ប្រទេសក្រូអាត មានសារៈមន្ទីរមួយ ដែលមានឈ្មោះថា សារៈមន្ទីរនៃទំនាក់ទំនងបាក់បែក ដែលមានការដាក់តាំងពិពណ៌សំណល់នៃក្តីស្នេហាដែលបាក់បែក ដែលគេបានយកមកបរិច្ចាកឲ្យ។ ក្នុងចំណោមនោះ មានពូថៅមួយ ដែលបុរសម្នាក់បានប្រើ ដើម្បីបញ្ចប់ទំនាក់ទំនង ដោយកាប់បំផ្លាញគ្រឿងសង្ហារឹមរបស់នារីដែលបានក្បត់ចិត្តគាត់។ គេក៏ឃើញមានសត្វចិញ្វឹមដែលបានស្លាប់ទៅហើយ ដែលគេបានញាត់គរពីខាងក្នុង និងមានសំបុត្រស្នេហា ដែលគេដាក់តាំងក្នុងទូកញ្ចក់ ហើយក៏ឃើញមានសំលៀកបំពាក់កូនកំឡោះកូនក្រមុំសម្រាប់រៀបការ ដែលទាំងអស់នោះ សុទ្ធតែឆ្លុះបញ្ចាំងពីទំហំនៃបញ្ហាដែលធ្វើឲ្យគូរស្នេហ៍ទាំងនោះខូចចិត្ត។
ខណៈពេលដែលមានភ្ញៀវដែលមកទស្សនាខ្លះ បានចាកចេញពីសារៈមន្ទីរទាំងទឹកភ្នែក មានគូរស្នេហ៍ខ្លះដែលបានមកទស្សនានឹងគេដែរ ក៏បានចាកចេញទៅវិញ ដោយឱបគ្នា ហើយសន្យាគ្នាថា នឹងមិនក្បត់គ្នាឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរអេសាយ ដែលបានចែងថា “ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង”(អេសាយ ៦១:១)។ ពេលព្រះយេស៊ូវទ្រង់អានបទគម្ពីរអេសាយ ជំពូក៦១ ក្នុងសាលាជំនុំ នៅភូមិណាសារ៉ែត ទ្រង់មានបន្ទូលថា “នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ(លូកា ៤:២១)។ បទគម្ពីរអេសាយមិនគ្រាន់តែជាជំនួយដល់របួសខាងផ្លូវចិត្តប៉ុណ្ណោះទេ តែក៏បាននិយាយអំពីចិត្តដែលបានផ្លាស់ប្រែ និងវិញ្ញាណដែលបានកែជាថ្មី ដែលកើតឡើង ពីការទទួលអំណោយរបស់ព្រះ ដែលជា “ភួងលំអ ជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរ ជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់”(អេសាយ ៦១:៣)។
យើងរាល់គ្នាសុទ្ធតែបានឆ្លងកាត់ការខកចិត្តបែបណាមួយ និងជួបការក្បត់ពាក្យសន្យា ក្នុងជីវិតយើង។ ទោះជាមានអ្វីកើតឡើងក៏ដោយ ព្រះអម្ចាស់បានត្រាសហៅយើងឲ្យមករកការប្រាសឲ្យជា ក្តីសង្ឃឹម និងជីវិតថ្មី ក្នុងទ្រង់។-David Maccasland