ខ្ញុំធ្លាប់បានទទួលការស្តីបន្ទោស ម្តងដោយសារមូលហេតុនេះ ម្តងដោយសារមូលហេតុនោះ។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភាពរបស់ខ្ញុំ ដែលបាននាំឲ្យមិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត) មានការសោកសៅ ថប់បារម្ភ និងមានអារម្មណ៍ពិបាក។ ពេលខ្លះ ខ្ញុំក៏ត្រូវគេបន្ទោស ទោះនោះមិនមែនជាកំហុសរបស់ខ្ញុំក៏ដោយ។ ប៉ុន្តែ ជួនកាល ខ្ញុំក៏បានចោទប្រកាន់អ្នកដទៃផងដែរ។ ខ្ញុំបានប្រាប់ខ្លួនឯងថា បើពួកគេមិនបានធ្វើអញ្ចឹងទេ នោះខ្ញុំក៏មិនមានបញ្ហាដូចនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការស្តីបន្ទោសធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជាយើងមានកំហុស ឬអត់ យើងមិនត្រូវ ខ្ជះខ្ជាយពេលវេលា និងកម្លាំងចិត្តជាច្រើន ក្នុងការព្យាយាមស្វែងរកអ្នកទទួលកំហុសជំនួសយើងឡើយ។
ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានប្រទាននូវដំណោះស្រាយមួយ ដែលល្អជាងនេះ។ ទោះទ្រង់គ្មានបាបសោះក៏ដោយ ក៏ទ្រង់បានទទួលអំពើបាបរបស់លោកិយ មកលើព្រះអង្គទ្រង់(យ៉ូហាន ១:២៩)។ យើងច្រើនតែហៅព្រះយេស៊ូវថា កូនចៀមសម្រាប់យញ្ញបូជា តែទ្រង់ក៏ជាពពែចុងក្រោយ សម្រាប់បំបរបង់ ដោយសារអំពើរំលងគ្រប់យ៉ាងរបស់លោកិយ(លេវីវិន័យ ១៦:១០)។
ពេលដែលយើងទទួលស្គាល់អំពើបាបរបស់យើង ហើយអនុញ្ញាតឲ្យព្រះយេស៊ូវយកអំពើបាបនោះចេញពីយើង នោះយើងមិនចាំបាច់ត្រូវលីសែងបន្ទុកនៃអំពើរំលងរបស់យើងទៀតឡើយ។ យើងអាចឈប់បន្ទោសអ្នកដទៃ ដោយសារបញ្ហារបស់យើង ហើយយើងអាចឈប់ទទួលកំហុស ដែលអ្នកដទៃបានព្យាយាមទម្លាក់មកលើយើង។
សូមអរព្រះគុណព្រះយេស៊ូវ ដែលយើងខ្ញុំអាចឈប់បន្ទោសគ្នាទៅវិញទៅមក។-Julie Ackerman Link