មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។

មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។

ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។

សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។

តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ ទ្រង់​“នឹងជូតទឹកភ្នែកអស់ពីថ្ពាល់យើងចេញ”(វិវរណៈ ៧:១៧)។-Cindy Hess Kasper