អ្នកដែលបម្រើគេ
នៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា គ្រួសារខ្ញុំហាក់ដូចជា មានការទាមទារមកលើខ្ញុំខ្លាំងពេក ខណៈពេលដែលខ្ញុំត្រូវជួយរកក្រវ៉ាត់ករពណ៌ខៀវរបស់ស្វាមីខ្ញុំផង ហើយទន្ទឹមនឹងនោះ ត្រូវបញ្ចុកអាហារដល់កូនតូចដែលកំពុងយំផង និងត្រូវព្យាយាមស្វែងរកគ្រឿងលេងរបស់កូនម្នាក់ទៀត អាយុ២ឆ្នាំ នៅក្រោមគ្រែគេងរបស់វា ក្នុងពេលតែមួយទៀត។ ខ្ញុំក៏បានលាន់មាត់ថា “ខ្ញុំមិនមែនជាខ្ញុំបម្រើទេ!”
ក្រោយមក ក្នុងថ្ងៃដដែល ពេលខ្ញុំកំពុងអានព្រះគម្ពីរ ខ្ញុំក៏បានអានដល់ខគម្ពីរដែលចែងថា “ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ”(លូកា ២២:២៧)។
ព្រះយេស៊ូវទ្រង់ជាព្រះ ដូចនេះ ទ្រង់មិនគួរលាងជើងឲ្យពួកសាវ័កទេ តែទ្រង់បានស្ម័គ្រព្រះទ័យលាងជើងឲ្យពួកគេ(យ៉ូហាន ១៣:៥)។ មានតែពួកខ្ញុំបម្រើទេដែលត្រូវធ្វើកិច្ចការនេះ ប៉ុន្តែ ព្រះយេស៊ូវបានសម្រេចព្រះទ័យបម្រើពួកគេ។ សង្គមសព្វថ្ងៃ តែងតែជម្រុញឲ្យយើងខិតខំស្វែងរកមុខមាត់។ បានជាយើងចង់មានការងារដែលមានប្រាកខែច្រើន និងមានមុខតំណែងខ្ពស់ជាងគេក្នុងក្រុមហ៊ុន ឬអង្គការ ហើយធ្វើជាអ្នកដឹកនាំកំពូលក្នុងពួកជំនុំជាដើម។ ប៉ុន្តែ ទោះយើងមានមុខតំណែងអ្វីក៏ដោយ ក៏យើងអាចរៀនបម្រើ តាមគំរូព្រះសង្រ្គោះនៃយើង។
យើងមានតួនាទីខុសៗគ្នា។ ខ្លះមាននាទីជាឪពុកម្តាយ ខ្លះមាននាទីជាកូន មិត្តភក្តិ អ្នកធ្វើការ អ្នកដឹកនំា ឬសិស្ស។ តែយើងត្រូវសួរខ្លួនឯងថា តើយើងកំពុងប្រើប្រាស់តួនាទីនោះ ដោយអត្តចរិតជាអ្នកបម្រើឬទេ? ទោះជួនកាល កិច្ចការដែលខ្ញុំធ្វើប្រចាំថ្ងៃ មានភាពនឿយហត់ក៏ដោយ ក៏ខ្ញុំនៅតែអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់នឹងជួយខ្ញុំ ព្រោះខ្ញុំពិតជាចង់យកតម្រាប់តាមទ្រង់ ហើយស្ម័គ្រចិត្តបម្រើអ្នកដទៃ។…
ក្នុងជំនាន់នីមួយៗ
ឳពុកម្តាយប្រហែលជាមានការភ្ញាក់ផ្អើល ពេលដែលកូនរបស់ខ្លួន មិនយកតម្រាប់តាមគំរូនៃសេចក្តីជំនឿរបស់ខ្លួន។ ទន្ទឹមនឹងនោះ គេក៏អាចមានការភ្ញាក់ផ្អើលផងដែរ ពេលដែលមនុស្សម្នាក់បានចម្រើនវ័យធំឡើងក្នុងគ្រួសារអ្នកមិនជឿព្រះ តែក្រោយមក គាត់ក្លាយជាមនុស្សដែលមានជំនឿរឹងមាំ ចំពោះព្រះគ្រីស្ទ។ ក្នុងជំនាន់នីមួយៗ មនុស្សម្នាក់ៗ សុទ្ធតែមានជម្រើស។
សាំយ៉ូអែលជាមនុស្សសំណប់របស់ព្រះ ដែលបានជ្រើសតាំងកូនប្រុសទាំងពីរគឺ យ៉ូអែល និងអ័ប៊ីយ៉ា ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល(១សំាយ៉ូអែល ៨:១-២)។ តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកំរៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្តីយុត្តិធម៌ចេញផង(ខ.៣)។ តែជាច្រើនឆ្នាំក្រោយមក យើងឃើញថា គេក៏បានតែងតាំងលោកហេម៉ាន ដែលជាកូនរបស់លោកយ៉ូអែល ឲ្យធ្វើជាអ្នកភ្លេង ក្នុងព្រះវិហារព្រះអម្ចាស់(១របាក្សត្រ ៦:៣១-៣៣)។ លោកហេម៉ាន ដែលជាចៅលោកសាំយ៉ូអែល និងលោកអេសាភ ដែលជាដៃស្តាំរបស់គាត់ និងជាអ្នកនិពន្ធនៃទំនុកដំកើងជាច្រើនបទ បានបម្រើព្រះអម្ចាស់ ដោយច្រៀងចម្រៀងសរសើរដំកើង ដោយអំណរ(១៥:១៦-១៧)។ ទោះមនុស្សម្នាក់ហាក់ដូចជាមិនខ្វល់ អំពីសេចក្តីជំនឿរបស់ឪពុកម្តាយខ្លួនក៏ដោយ ក៏ព្រះទ្រង់នៅតែធ្វើការ ក្នុងជីវិតរបស់អ្នកនោះ។ ការផ្លាស់ប្រែអាចកើតមាន ក្នុងជីវិតគាត់ ជាច្រើនឆ្នាំក្រោយមក ពុំនោះទេ គ្រាប់ពូជនៃជំនឿ នឹងដុះឡើង ហើយបង្កើតផលជាបរិបូរ ក្នុងជីវិតកូនចៅជំនាន់ក្រោយរបស់គាត់។
ទោះបីជាគ្រួសារមានស្ថានភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចដឹងថា “ព្រះអម្ចាស់នៅតែល្អ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ ស្ថិតស្ថេរជាដរាប ភាពស្មោះត្រង់របស់ទ្រង់ នៅតែបន្តគ្រប់ជំនាន់”។-David McCasland
ការកែតម្រង់ដោយសុភាព
នៅចុងបញ្ចប់នៃសន្និសីទ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្រុមការងាររបស់ខ្ញុំ ក៏បានធ្វើដំណើរពីមជ្ឈមណ្ឌលសន្និសីទ ទៅកាន់ផ្ទះសំណាក់ ដើម្បីរៀបចំខ្លួន ចេញដំណើរត្រឡប់ទៅផ្ទះវិញ នៅពេលព្រឹកបន្ទាប់។ ពេលយើងធ្វើដំណើរទៅដល់ផ្ទះសំណាក់ គ្នារបស់យើងម្នាក់បានប្រាប់យើងថា នាងបានភ្លេចវ៉ាលីរបស់នាង នៅមជ្ឈមណ្ឌលសន្និសីទហើយ។ បន្ទាប់ពីនាងចេញទៅយកវ៉ាលីនោះវិញ អ្នកដឹកនាំក្រុមរបស់យើង ដែលតែងតែមានភាពម៉ដ្ឋចត់ ក៏បានរិះគន់នាងធ្ងន់ៗ ប្រាប់យើង នៅពីក្រោយខ្នងនាង។
នៅពេលព្រឹកថ្ងៃបន្ទាប់ ពេលយើងទៅដល់អាកាសយាន្តដ្ឋាន អ្នកដឹកនាំក្រុមយើងក៏បានដឹងខ្លួនថា គាត់បានភ្លេចឥវ៉ាន់របស់គាត់ហើយ។ គាត់បានភ្លេចវ៉ាលី និងលិខិតឆ្លងដែន នៅផ្ទះសំណាក់ ហើយយើងត្រូវចំណាយលុយកាន់តែច្រើនថែមទៀត ដើម្បីត្រឡប់ទៅយកឥវ៉ាន់នោះ។ ក្រោយមក គាត់ក៏បានសុំទោស ហើយនិយាយមកកាន់យើងទាំងអស់គ្នាថា ថ្ងៃក្រោយ គាត់ឈប់រិះគន់គេធ្ងន់ៗអញ្ចឹងទៀតហើយ។
ដោយសារយើងគ្រប់គ្នាសុទ្ធតែចេះធ្វើខុស និងមានភាពកម្សោយ នោះយើងគួរតែទ្រាំទ្រ ហើយអត់ទោសឲ្យគ្នាទៅវិញទៅមក ពេលដែលនរណាម្នាក់ធ្វើអ្វីខុស(កូល៉ុស ៣:១៣)។ យើងចាំបាច់ត្រូវចេះរិះគន់ ដើម្បីស្ថាបនា ហើយ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះ”(ខ.១២)
ពេលដែលយើងត្រូវកែតម្រង់នរណាម្នាក់ យើងត្រូវកែតម្រង់ដោយចិត្តសប្បុរស និងដោយក្តីស្រឡាញ់។ កាលបើយើងបានធ្វើដូចនេះ យើងនឹងក្លាយជាអ្នកត្រាប់តាមព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់នៃយើង។-Lawrence Darmani