យើងកំពុងរស់នៅ ក្នុងចំណោមមនុស្ស៧ពាន់លាននាក់ នៅលើភពដ៏តូចមួយ ដែលមានទីតាំង ក្នុងផ្នែកដ៏តូចមួយ នៃប្រព័ន្ធព្រះអាទិត្យ។ តាមពិត ផែនដីរបស់យើង គ្រាន់តែជាចំណុចអុចពណ៌ខៀវដ៏តូចល្អិតមួយ ក្នុងចំណោមភពរាប់ពាន់លាន ក្នុងអវកាស ដែលព្រះទ្រង់បានបង្កើត។ ភពផែនដីដ៏ស្រស់ស្អាត និងអស្ចារ្យរបស់យើង ប្រៀបបាននឹងលំអងធូលីដ៏តូច នៅលើផ្ទាំងគំនូរដ៏ធំគ្មានដែនកំណត់នៃចក្រវាឡ។
ការនេះអាចធ្វើឲ្យយើង មានអារម្មណ៍ថា យើងមិនសំខាន់ ឬគ្មានតម្លៃទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលព្រះបានចែងថា យើងជាស្នាព្រះហស្តដែលសំខាន់ និងមានតម្លៃបំផុតចំពោះទ្រង់។ ព្រះដ៏អស្ចារ្យនៃយើង ដែលអាច “វាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ”(អេសាយ ៤០:១២) ទ្រង់បានរាប់មនុស្សម្នាក់ៗក្នុងភពផែនដីនេះ ជាសំខាន់លើសអ្វីៗទាំងអស់ដែល ទ្រង់បានបង្កើត ដ្បិតទ្រង់បានបង្កើតយើងឲ្យមានរូបភាពដូចទ្រង់។
ឧទាហរណ៍ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាង ឲ្យយើងបានអរសប្បាយ(១ធីម៉ូថេ ៦:១៧)។ ហើយសម្រាប់អ្នកដែលបានទទួលជឿព្រះយេស៊ូវជាព្រះសង្រ្គោះ ព្រះទ្រង់មានផែនការសម្រាប់ពួកគេ(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះធំយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់បានយកព្រះទ័យទុកដាក់យ៉ាងពិសេសចំពោះយើងម្នាក់ៗ។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៩ បានចែងថា ព្រះទ្រង់ជ្រាបថា យើងនឹងនិយាយអ្វី ហើយកំពុងគិតអំពីអ្វី។ យើងមិនអាចគេចចេញពីព្រះវត្តមានទ្រង់ ហើយទ្រង់បានរៀបផែនការសម្រាប់បង្កើតពិភពលោកនេះ មុនពេលដែលយើងមិនទាន់កើត។
ចូរយើងកុំមានអារម្មណ៍ថា យើងមិនមែនជាមនុស្សសំខាន់នោះឡើយ ព្រោះព្រះនៃចក្រវាល ទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង!-Dave Branon