លោកឆាល ហ៊ូភ័រ(Charles Hooper) ចូលចិត្តកែឆ្នៃកំណាត់ឈើ ដែលគេលែងឲ្យតម្លៃ។ គាត់បានប្រមូលឈើចាស់ៗ ពីជង្រុកពោត ដែលគេបានបោះបង់ចោលតាំងពីយូរមកហើយ។ បន្ទាប់មក គាត់ក៏បានកាប់រំលំដើមសែន និងដើមស្រល់ពីរបីដើម ដែលដុះក្នុងបរិវេណដីគាត់ ហើយក៏បានចាំងដើមទាំងនោះដោយផ្ចិតផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំរបស់ជីតាគាត់។ គាត់ក៏បានចាប់ផ្តើមសង់ផ្ទះ ដោយប្រើឈើចាស់លាយនឹងឈើថ្មីៗ។ ទីបំផុត គាត់ក៏សង់បានផ្ទះដ៏ធំមួយ ដែលមានរូបរាង្គដ៏ល្អឥតខ្ចោះ មានដើមឈរអមសងខាង ក្នុងក្រុងថេនេស៊ី រីជ បានជាគេថតរូបផ្ទះនោះ ដាក់ក្នុងកាតប៉ូស្តាល់ជាដើម។ គេបានប្រើផ្ទះនោះជាផ្ទះសំណាក់ផង និងសារៈមន្ទីរផង សម្រាប់ធ្វើជាកេរមរតកដ៏មានតម្លៃរបស់គ្រួសារគាត់។ សំណង់អគារនេះបានឈរនៅយ៉ាងមាំមួន ដែលជាការរំឭកដល់ទស្សនវិស័យ ជំនាញ និងការអត់ធ្មត់របស់គាត់ នៅក្នុងការសាងសង់ផ្ទះនោះ។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ ដែលនៅទីក្រុងអេភេសូរ អំពីការដែលព្រះយេស៊ូវបានបង្កើតពួកជំនុំឡើង ដោយនាំអ្នកជឿ ដែលជាជនជាតិយូដា និងអ្នកជឿដែលជាសាសន៍ដទៃ ឲ្យរួមគ្នាមកតែមួយ ក្នុងទ្រង់។ គឺដូចដែលគាត់បានចែងថា “ឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំទ្រង់ត្រូវបានសាងសង់ឡើង “លើគ្រឹះរបស់ពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ”(ខ.២០-២១)។
ព្រះរាជកិច្ចរបស់ទ្រង់នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។ ព្រះទ្រង់ទទួលយកអំបែងបែកបាក់នៃជីវិតយើង ទៅផ្គុំចូលគ្នាជាមួយនឹងអំបែងដទៃទៀតរបស់អ្នកដទៃ ដែលបានទទួលសេចក្តីសង្រ្គោះដូចយើងដែរ ព្រមទាំងឆាបជ្រុងដែលស្រួចមុត និងគ្រើមគ្រាតរបស់យើង ឲ្យរលោងស្អាតផង។ ទ្រង់នៅតែស្រឡាញ់ព្រះរាជកិច្ចរបស់ទ្រង់ជានិច្ច។-Tim Gustafson