ក្នុងអំឡុងពេលដើមដំបូង នៃជីវិតរបស់ខ្ញុំ ជាគ្រីស្ទបរិស័ទ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តរស់នៅ ក្នុងជីវិតថ្មី តែទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា តើខ្ញុំអាចរស់នៅក្នុងរយៈពេលមួយឆ្នាំ ដោយមិនវិលបែរទៅរកផ្លូវចាស់ ដែលមានពេញដោយអំពើបាបដែរឬទេ? ប៉ុន្តែ បទគម្ពីរនិក្ខមនំ ១៤:១៤ បានជួយលើកទឹកចិត្តខ្ញុំថា “ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅកាន់ពួកអ៊ីស្រាអែល ពេលដែលពួកគេទើបតែបានភៀសខ្លួនចេញពីរបបទាសភាព ក្នុងនគរអេស៊ីព្ទ ហើយស្តេចផារ៉ោនក៏កំពុងតែលើកទ័ពដេញតាមពួកគេពីក្រោយ ធ្វើឲ្យពួកគេមានការភ័យខ្លាច និងបាក់ទឹកចិត្ត។
កាលខ្ញុំនៅមានជំនឿក្មេងខ្ចីក្នុងព្រះគ្រីស្ទ ខ្ញុំបានជួបការល្បួងជាច្រើន ក្នុងការរស់នៅ តែបទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យ “នៅតែស្ងៀមវិញ”។ សព្វថ្ងៃនេះ ប្រហែលជា៣៧ឆ្នាំក្រោយមក ខ្ញុំកំពុងរស់នៅក្នុងស្ថានភាព ដែលមានពេញដោយភាពតប់ប្រម៉ល់ បានជាខ្ញុំត្រូវនៅស្ងៀម ហើយស្ងប់រម្ងាប់ ដូចកាលពីមុន ដោយទុកចិត្តទ្រង់ ក្នុងជីវិតជាគ្រីស្ទបរិស័ទ។
គឺដូចដែលអ្នកនិពន្ធទំនុកដំកើង បានប្រាប់យើង ឱឈប់បង្អង់សិន ដោយដឹងថា ព្រះទ្រង់ជាព្រះនៃយើង(ទំនុកដំកើង ៤៦:១០)។ ពេលយើងនៅតែស្ងៀម យើងមានឱកាសពិចារណាអំពីព្រះ ដោយដឹងថា “ព្រះអង្គជាទីពឹងជ្រក ក៏ជាកំឡាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១)។ ពេលយើងនៅតែស្ងៀម យើងអាចមើលឃើញភាពកម្សោយរបស់ខ្លួនឯង ហើយទទួលស្គាល់ថា យើងត្រូវចុះចូលនឹងព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “កាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(២កូរិនថូស ១២:១០)។
ជារៀងរាល់ថ្ងៃ យើងឆ្លងកាត់ភាពតប់ប្រមល់ និងស្ថានភាពដែលធ្វើឲ្យយើងមានអារម្មណ៍ហត់នឿយ។ ប៉ុន្តែ យើងអាចទុកចិត្តថា ទ្រង់នឹងមើលថែរយើង តាមព្រះបន្ទូលសន្យារបស់ទ្រង់។ សូមយើងរៀននៅតែស្ងៀម ដើម្បីឲ្យទ្រង់ច្បាំងជំនួសយើង។-Lawrence Darmani