ជួនកាល ខ្ញុំអាចមានការបាក់ទឹកចិត្ត នៅក្នុងការខិតខំសម្រេចគោលដៅ ពេលដែលបានដឹងថា អ្នកដទៃបានសម្រេចគោលដៅនោះបានមុន ឬបានទទួលលទ្ធផលល្អជាងខ្ញុំ។ ខ្ញុំងាយនឹងមានការបាក់ទឹកចិត្តដូចនេះ ហេតុនេះហើយ ខ្ញុំក៏បានរំឭកខ្លួនឯងឲ្យបានញឹកញាប់ថា ព្រះទ្រង់បានប្រទានដល់ខ្ញុំ នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ ដើម្បីសម្រេចនូវកិច្ចការ ដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើ។
បានសេចក្តីថា ខ្ញុំមិនចាំបាច់ត្រូវមានថវិការច្រើនជាងមុន ឬចាំបាច់ត្រូវមានការធានាថា ខ្ញុំនឹងទទួលជោគជ័យនោះឡើយ។ ខ្ញុំក៏មិនចាំបាច់ត្រូវមានបរិយាកាសការងារល្អជាងមុខ ឬមានការងារថ្មីដែរ។ ខ្ញុំក៏មិនត្រូវការការយល់ព្រម ឬការអនុញ្ញាតពីអ្នកដទៃ ហើយក៏មិនត្រូវការសុខភាពល្អ ឬពេលវេលាច្រើនជាងមុនទេ។ ព្រះទ្រង់អាចប្រទានឲ្យខ្ញុំនូវរបស់ទាំងនេះ តែខ្ញុំមានអ្វីៗដែលខ្ញុំត្រូវការហើយ ដ្បិតកាលណាទ្រង់ចាត់ឲ្យខ្ញុំ បំពេញកិច្ចការអ្វីមួយ នោះទ្រង់ក៏ប្រទាននូវធនធាន មិនឲ្យខ្ញុំខ្វះអ្វីឡើយ។ អ្វីដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវប្រើពេលវេលា និងអំណោយទាន ដែលទ្រង់បានប្រទាន ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ និងថ្វាយសិរីល្អដល់ទ្រង់។
ព្រះយេស៊ូវ និងលោកពេត្រុសក៏ធ្លាប់បានសន្ទនាគ្នា អំពីបញ្ហានេះផងដែរ។ បន្ទាប់ពីបានចម្អិនអាហារពេលព្រឹក នៅលើឆ្នេរសមុទ្រកាលីឡេ ព្រះយេស៊ូវបានប្រាប់លោកពេត្រុស អំពីការអ្វីដែលនឹងកើតឡើង នៅចុងបញ្ចប់នៃជីវិតគាត់។ លោកពេត្រុសក៏បានចង្អុលទៅសាវ័កម្នាក់ទៀតរបស់ទ្រង់ ដោយទូលសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវទ្រង់ក៏បានឆ្លើយថា “តើអំពល់អ្វីដល់អ្នក?” នេះជាសំណួរដែលខ្ញុំចាំបាច់ត្រូវសួរខ្លួនឯង នៅពេលណាខ្ញុំប្រៀបធៀបខ្លួនឯង និងអ្នកដទៃ។ ហើយខ្ញុំត្រូវឆ្លើយប្រាប់ខ្លួនឯងថា “វាមិនមែនជាអ្វីដែលខ្ញុំត្រូវខ្វល់ទេ”។ កិច្ចការដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវដើរតាមព្រះយេស៊ូវ ដោយចិត្តស្មោះត្រង់ជានិច្ច។-Julie Ackerman Link