ក្រុម​ចម្រៀង សង់ អូឡូហ្វ(St. Olaf Choir) នៅ​ក្រុង​នតហ្វៀល រដ្ឋ​មីននេសូតា ជា​ក្រុមចម្រៀង​ដែល​ល្បី​ផ្នែក​ផលិត​បទ​ចម្រៀង​ដ៏​ពិរោះ​ៗ​ជា​ច្រើន។ មូល​ហេតុ​ដែល​ពួក​គេ​អាចច្រៀង​បទ​ចម្រៀង​បាន​យ៉ាង​ល្អ​ប្រសើរ គឺ​ដោយ​សារ​ពួក​គេជ្រើ​ស​រើស​អ្នក​ចម្រៀង​បាន​ល្អ។ ពេលពួក​គេជ្រើស​រើស​បេកជន​ចូល​ក្រុម​ចម្រៀង គេ​មិនគ្រា​ន់តែ​ពិនិត្យ​មើល​ថា តើ​អ្នក​នោះ​អាច​ច្រៀង​បាន​ល្អ​ប៉ុណ្ណា​ទេ តែ​គេ​ក៏​បាន​មើល​ផង​ដែរ​ថា តើ​សម្លេង​របស់​គាត់​ត្រូវ​នឹង​សម្លេង​របស់ក្រុម​ទាំង​មូល​ឬ​អត់​។ មូល​ហេតុ​មួយ​ទៀត ដែល​ពួក​គេ​ច្រៀង​បាន​ល្អ គឺ​ដោយ​សារ​សមាជិក​ក្រុម​ចម្រៀង​ម្នាក់​ៗ សុទ្ធ​តែ​បាន​សម្រេច​ចិត្ត​យក​ក្រុម​ចម្រៀង​​ជា​អាទិ​ភាព ហើយ​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការ​ហាត់​សម និង​ចំពោះ​កាល​វិភាគនៃ​ការ​ឡើង​ច្រៀង​។

ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​អ្វី​ដែល​បាន​កើតឡើង ពេល​ពួក​គេ​ហាត់​សម។ ពេល​ណា​សមាជិក​ក្រុម​ចម្រៀង​ណា​ម្នាក់​ធ្វើ​អ្វី​ខុស ពួក​គេ​លើក​ដៃ​ឡើង។ ពួក​គេ​មិន​បាន​ព្យាយាម​លាក់បាំង​កំហុស​របស់​ខ្លួន​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បើក​បង្ហាញ​ឲ្យ​ក្រុម​របស់​ខ្លួន​បាន​ដឹង។ ការ​នេះ​បាន​នាំ​ឲ្យ​អ្នក​ដឹក​នាំ​ក្រុម អាច​ជួយ​អ្នកចម្រៀង​ម្នាក់​ៗ​នៅ​ក្នុង​ក្រុម ឲ្យ​រៀន​អំពី​ផ្នែក​ដែល​ពិបាក​ៗ   ហើយ​ធ្វើ​ឲ្យ​ការ​ឡើង​ច្រៀង​មាន​កំហុស​​តិចបំផុត។

ក្រុម​ចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សហគមន៍​ដែល​ព្រះយេស៊ូវ​បាន​បង្កើត ដែល​ផ្តោត​ទៅ​លើ​ការ​ជួយ​សង្រ្គោះ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​កាត់​ទោស គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់លោក​នីកូដេម​ថា ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំជំរះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ (យ៉ូហាន ៣:១៧)។ បន្ទាប់​ពីទ្រង់​បាន​មាន​បន្ទូល​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង   ទ្រង់​ក៏​បាន​ជួប​ស្រ្តី​សាសន៍​សាំម៉ារី​ម្នាក់ នៅ​ក្បែរ​អណ្តូង​ទឹក​សាធារណៈ​មួយ​កន្លែង។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​នាង ធ្វើ​ឲ្យ​នាង​អាច​ទទួល​ស្គាល់​​កំហុស ឬអំពើ​បាប​របស់​នាង​យ៉ាង​ងាយ​ស្រួល ដោយ​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ជីវិត​ថ្មី ដែល​ល្អជាង​មុន ដែល​នាង​អាច​អរសប្បាយ​នឹង​ការ​អត់​ទោស​របស់​ទ្រង់(យ៉ូហាន ៤)។

ក្នុង​នាម​យើង​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ នៅ​លើ​ផែន​ដី​នេះ យើង​មិន​គួរ​មាន​ការ​ភ័យខ្លាច នៅ​ក្នុង​ការ​ទទួល​ស្គាល់​កំហុស ឬ​អំពើ​បាប​របស់​យើង​ឡើយ តែ​ចូរ​យើង​ប្រើ​វា​ជា​ឱកាស ដើម្បី​ទទួល​បទ​ពិសោធន៍ និង​អរ​សប្បាយ នៅ​ក្នុង​ការ​អត់​ទោស​របស់​ព្រះ។-Julie Ackerman Link