លោកគីឌាន ជាមនុស្សសាមញ្ញម្នាក់។ រឿងរបស់គាត់ ដូចដែលមានចែងក្នុងបទគម្ពីរ ពួកចៅហ្វាយ ៦ បានលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ គាត់ជាកសិករម្នាក់ ដែលខ្វះភាពក្លាហាន។ ពេលព្រះត្រាស់ហៅគាត់ ឲ្យរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីការគៀបសង្កត់របសសាសន៍មីឌាន គាត់ឆ្លើយតបថា “ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួសារក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង”(ពួកចៅហ្វាយ ៦:១៥)។ ពេលនោះ ព្រះទ្រង់ក៏បានសន្យាថា ទ្រង់នឹងគង់នៅជាមួយលោកគីឌាន ហើយគាត់នឹងសម្រេចកិច្ចការ ដែលទ្រង់បានត្រាស់បង្គាប់ឲ្យគាត់ធ្វើនោះ(ខ.១៦)។ ការស្តាប់បង្គាប់របស់លោកគីឌានក៏បាននាំឲ្យពួកអ៊ីស្រាអែលមានជ័យជម្នះ ហើយគេក៏បានរាប់បញ្ចូលគាត់ នៅក្នុងចំណោមវីរៈបុរសដ៏អស្ចារ្យនៃសេចក្តីជំនឿ(ហេព្រើ ១១:៣២)។
មានមនុស្សជាច្រើនទៀតក៏មានចំណែកយ៉ាងសំខាន់ នៅក្នុងផែនការជួយសង្រ្គោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងក្លា។ ព្រះទ្រង់បានប្រទានមនុស្ស៣០០នាក់ ដល់លោកគីឌាន ដែលសុទ្ធសឹងជាវីរបុរសដ៏អង់អាច ដើម្បីឈ្នះសង្រ្គាម។ ព្រះគម្ពីរមិនបានកត់ទុកឈ្មោះរបស់ពួកគេទេ តែព្រះគម្ពីរបានកត់ទុកនូវភាពក្លាហាន និងការស្តាប់បង្គាប់របស់ពួកគេ(ពួកចៅហ្វាយ ៧:៥-២៣)។
សព្វថ្ងៃនេះ ព្រះទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សសាមញ្ញៗ ឲ្យធ្វើការថ្វាយទ្រង់ ហើយទ្រង់បានធានាយើងថា ទ្រង់នឹងគង់នៅជាមួយយើងជានិច្ច ពេលដែលយើងបម្រើទ្រង់។ ដោយសារយើងជាមនុស្សសាមញ្ញដែលព្រះទ្រង់ប្រើ នោះការនេះបានបង្ហាញច្បាស់ថា អំណាចដែលនាំឲ្យមានជ័យជម្នះនោះ គឺមានប្រភពមកពីព្រះ មិនមែនមកពីយើងនោះឡើយ។-Poh Fang Chia