តើវាល​រហោ​ស្ថាន​មាន​អ្វី ក្រៅ​ពី​ភាព​ស្ងួត​ហួត​ហែង ដី​ហុយ​សំពោង ហើយ​និង​គ្រោះ​ថ្នាក់​នោះ។ វា​ជា​កន្លែង​ដែល​មាន​ទឹក​តិច​តួច ពិបាក​នឹង​ឲ្យ​មាន​ជីវិត​រស់​នៅ​ណាស់។ ដូច​នេះ គ្មាន​នរណា​ចង់​រស់​នៅ​ក្នុង​វាល​រហោ​ស្ថាន​ទេ។ ការ​រស់​នៅ​ក្នុង​វាល​រហោ​ស្ថាន គឺ​ពិបាក​ណាស់។ មាន​មនុស្ស​តិច​តួច​ណាស់ ដែល​ជ្រើស​រើស​កន្លែង​បែប​នេះ។ តែ​ជួន​កាល យើង​ធ្លាក់​ខ្លួន ចូល​ទៅ​ក្នុង​វាល​រហោ​ស្ថាន ដោយ​មិន​អាច​ជៀស​បាន។

នៅ​គ្រា​សញ្ញា​ចាស់ យើង​ឃើញ​ថា រាស្រ្ត​របស់​ព្រះ​បាន​ធ្លាប់​ឆ្លង​កាត់​ការ​រស់​នៅ ក្នុង​វាល​រហោស្ថាន​។ ភាគ​ច្រើន​នៃ​ទឹក​ដី នៅ​តំបន់​មជ្ឈិម​បូព៌ា រាប់​បញ្ចូល​ទាំង​អ៊ីស្រាអែល គឺ​ជា​វាល​រហោ​ស្ថាន លើក​លែង​តែ​តំបន់​ជ្រលង​ភ្នំ​យ័រដាន់ និង​តំបន់​នៅ​ជុំវិញ​សមុទ្រ​កាលីឡេ។ ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ “កសាង​មហា​គ្រួសារ​របស់​ទ្រង់” ក្នុង​តំបន់ ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​វាល​រហោ​ស្ថាន ជា​កន្លែង​ដែល​ទ្រង់​អាច​សម្តែង​ចេញ​នូវ​សេចក្តី​ល្អ​ ដល់​កូន​របស់​ទ្រង់ ពេល​ដែល​ពួក​គេ​ទុក​ចិត្ត​លើ​ការ​ការពារ និង​ការ​ផ្គត់​ផ្គង់​ជា​ប្រចាំ​ថ្ងៃ​របស់​ទ្រង់(អេសាយ ៤៨:១៧-១៩)។

សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​មិន​រស់​នៅ​ក្នុង​វាល​រហោ​ស្ថាន​ខាង​សាច់​ឈាម​ទេ តែ​ជា​ញឹក​ញាប់ យើង​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត ដែល​ប្រៀប​បាន​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ​ស្ថាន។ ជួន​កាល យើង​ធ្លាក់​ខ្លួន​ចូល​ក្នុង​ស្ថាន​ភាព​បែប​នោះ ដោយ​សារ​យើង​មិន​ស្តាប់​បង្គាប់​ព្រះ។ នៅ​ពេលខ្លះ​ទៀត យើង​ត្រូវ​ឆ្លង​កាត់​វាល​រហោ​ស្ថាន​ខាង​វិញ្ញាណ មិន​មែន​ដោយ​សារ​ការ​សម្រេច​ចិត្ត ឬ​ទង្វើរ​របស់​យើង​ទេ។  ពេល​នរណា​ម្នាក់​បោះ​បង់​យើង​ចោល ឬ​មាន​ជម្ងឺ​ចូល​លុក​លុយ​ក្នុង​រាង្គ​កាយ​យើង ​យើង​ក៏​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​វាល​ហោ​ស្ថាន ដែល​ខ្វះ​អាហារ និង​ពិបាក​រស់​នៅ។

ប៉ុន្តែ ទោះ​ជា​យើង​ស្ថិត​នៅ​ក្នុង​វាល​រហោ​ស្ថាន​ខាង​សាច់​ឈាម ឬ​ខាង​វិញ្ញាណ​ក្តី ចូរ​យើង​នឹក​ចាំ​ថា យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទ្រទ្រង់​ជីវិត​យើង ជា​មេរៀន​មួយ ដែល​យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​រស់​នៅ  ក្នុង​កន្លែង  ដែល​សប្បូរ​សប្បាយ​ក៏​ដោយ​។

-Julie Ackerman Link