តើវាលរហោស្ថានមានអ្វី ក្រៅពីភាពស្ងួតហួតហែង ដីហុយសំពោង ហើយនិងគ្រោះថ្នាក់នោះ។ វាជាកន្លែងដែលមានទឹកតិចតួច ពិបាកនឹងឲ្យមានជីវិតរស់នៅណាស់។ ដូចនេះ គ្មាននរណាចង់រស់នៅក្នុងវាលរហោស្ថានទេ។ ការរស់នៅក្នុងវាលរហោស្ថាន គឺពិបាកណាស់។ មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសកន្លែងបែបនេះ។ តែជួនកាល យើងធ្លាក់ខ្លួន ចូលទៅក្នុងវាលរហោស្ថាន ដោយមិនអាចជៀសបាន។
នៅគ្រាសញ្ញាចាស់ យើងឃើញថា រាស្រ្តរបស់ព្រះបានធ្លាប់ឆ្លងកាត់ការរស់នៅ ក្នុងវាលរហោស្ថាន។ ភាគច្រើននៃទឹកដី នៅតំបន់មជ្ឈិមបូព៌ា រាប់បញ្ចូលទាំងអ៊ីស្រាអែល គឺជាវាលរហោស្ថាន លើកលែងតែតំបន់ជ្រលងភ្នំយ័រដាន់ និងតំបន់នៅជុំវិញសមុទ្រកាលីឡេ។ ព្រះទ្រង់សម្រេចព្រះទ័យ “កសាងមហាគ្រួសាររបស់ទ្រង់” ក្នុងតំបន់ ដែលហ៊ុមព័ទ្ធទៅដោយវាលរហោស្ថាន ជាកន្លែងដែលទ្រង់អាចសម្តែងចេញនូវសេចក្តីល្អ ដល់កូនរបស់ទ្រង់ ពេលដែលពួកគេទុកចិត្តលើការការពារ និងការផ្គត់ផ្គង់ជាប្រចាំថ្ងៃរបស់ទ្រង់(អេសាយ ៤៨:១៧-១៩)។
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនរស់នៅក្នុងវាលរហោស្ថានខាងសាច់ឈាមទេ តែជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដែលប្រៀបបាននឹងការធ្វើដំណើរក្នុងវាលរហោស្ថាន។ ជួនកាល យើងធ្លាក់ខ្លួនចូលក្នុងស្ថានភាពបែបនោះ ដោយសារយើងមិនស្តាប់បង្គាប់ព្រះ។ នៅពេលខ្លះទៀត យើងត្រូវឆ្លងកាត់វាលរហោស្ថានខាងវិញ្ញាណ មិនមែនដោយសារការសម្រេចចិត្ត ឬទង្វើររបស់យើងទេ។ ពេលនរណាម្នាក់បោះបង់យើងចោល ឬមានជម្ងឺចូលលុកលុយក្នុងរាង្គកាយយើង យើងក៏មានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិតនៅក្នុងវាលហោស្ថាន ដែលខ្វះអាហារ និងពិបាករស់នៅ។
ប៉ុន្តែ ទោះជាយើងស្ថិតនៅក្នុងវាលរហោស្ថានខាងសាច់ឈាម ឬខាងវិញ្ញាណក្តី ចូរយើងនឹកចាំថា យើងត្រូវពឹងផ្អែកលើព្រះ ដើម្បីឲ្យព្រះអង្គទ្រទ្រង់ជីវិតយើង ជាមេរៀនមួយ ដែលយើងចាំបាច់ត្រូវនឹកចាំ សូម្បីតែនៅពេលដែលយើងកំពុងរស់នៅ ក្នុងកន្លែង ដែលសប្បូរសប្បាយក៏ដោយ។
-Julie Ackerman Link