មានក្មេងតូចពីរនាក់ កំពុងលេងល្បែងដ៏ស្មុគ្រស្មាញមួយ ដោយប្រើចង្កឹះ និងខ្សែ។ បន្ទាប់ពីលេងបានពីរបីនាទី ក្មេងប្រុសដែលមានអាយុច្រើនជាងគេ ក៏បានងាកមកមិត្តភក្តិដែលលេងជាមួយនោះ ហើយនិយាយដោយអំណួតថា “ឯងធ្វើមិនត្រូវទេ។ នេះជាល្បែងរបស់ខ្ញុំ ហើយយើងត្រូវលេងតាមរបៀបខ្ញុំ។ ឯងមិនអាចលេងទៀតទេ!” រឿងនេះបានបង្ហាញថា មនុស្សយើងចង់ឲ្យគេធ្វើអ្វីតាមចិត្តខ្លួន តាំងពីនៅតូច។
លោកណាម៉ាន់ជាមនុស្សដែលធ្លាប់តែឲ្យគេ ធ្វើអ្វីៗតាមចិត្តខ្លួន។ គាត់ជាមេទ័ពរបស់ស្តេចនៃនគរស៊ីរី។ តែលោកណាម៉ាន់ មានជម្ងឺមួយដែលមិនអាចព្យាបាលជា។ មានក្មេងស្រីម្នាក់ជាអ្នកបម្រើរបស់ភរិយាគាត់ ដែលជាឈ្លើយសឹក ដែលគេបាននាំមកពីនគរអ៊ីស្រាអែល។ មានពេលមួយនាងបានសុំឲ្យគាត់ទៅស្វែងរកការប្រោសឲ្យជា ពីលោកអេលីសេ ដែលជាហោរារបស់ព្រះ។ លោកណាម៉ាន់មានចិត្តអន្ទះសារចង់ទទួលការប្រោសឲ្យជាភ្លាមៗ តែគាត់ចង់ឲ្យលោកហោរាធ្វើដំណើរមករកគាត់។ គាត់ចង់ឲ្យគេប្រព្រឹត្តចំពោះគាត់ ដោយមានរបៀបរបបធំដុំ និងមានការគោរព។ ដូចនេះ ពេលលោកអេលីសេប្រាប់គាត់ឲ្យចុះទៅងូតទឹកទន្លេយ័រដាន់ប្រាំពីរដង គាត់ក៏មានការខឹងសម្បារ! គាត់មិនព្រមធ្វើតាមឡើយ(២ពង្សាវតាក្សត្រ ៥:១០-១២)។ ដូចនេះ ទាល់តែគាត់បានបន្ទាបខ្លួន ហើយធ្វើតាមរបៀបរបស់ព្រះ ទើបគាត់បានជាពីជម្ងឺឃ្លង់(ខ.១៣-១៤)។
យើងប្រហែលជាធ្លាប់ទូលព្រះថា “ទូលបង្គំនឹងធ្វើ តាមរបៀបរបស់ទូលបង្គំ”។ ប៉ុន្តែ របៀបរបស់ទ្រង់ជារបៀបដែលល្អបំផុតជានិច្ច។ ដូចនេះ ចូរយើងសូមឲ្យព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួន ដើម្បីនឹងស្ម័គ្រចិត្តជ្រើសរើសផ្លូវរបស់ទ្រង់ ជាជាងដើរតាមផ្លូវរបស់យើង។-Marion Stroud