ពេល​ខ្ញុំ​កំពុង​អង្គុយ​ជា​មួយ​ក្មេង​ជំទង់​៤​នាក់ និង​បុរស​អនាថា ដែល​មាន​អាយុ​ប្រហែល​២០​ឆ្នំា នៅ​កន្លែង​ចែក​អាហារ​ដល់​អ្នក​ក្រ នៅ​រដ្ឋ​អាឡាស្កា ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត ដោយ​បាន​ឃើញ​ក្មេង​ជំទង់​ទាំង​នោះ​មាន​ចិត្ត​អាណិត​ចំពោះ​បុរស​អនាថា​នោះ។ ពួក​គេ​បាន​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​គាត់​និយាយ​អំពីជំនឿ​របស់​គាត់ ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​គាត់ ដោយ​ចិត្ត​សុភាព ដោយ​ផ្តល់​ឲ្យ​គាត់​នូវ​ក្តី​សង្ឃឹម ក្នុង​ព្រះយេស៊ូវ ដោយ​ក្តី​ស្រឡាញ់។ គួរ​ឲ្យ​ស្តាយ​ណាស់ ពេល​នោះ បុរស​នោះ​មិន​ចង់​ស្តាប់​ដំណឹង​ល្អ​ទេ។

ពេល​យើង​កំពុង​ចាក​ចេញ​ទៅ ក្នុង​ចំណោម​ក្មេង​ស្រី​ជំទង់​ទាំង​នោះ មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហ្គ្រេស(Grace) បាន​បង្ហាញ​អារម្មណ៍​ តាម​រយៈ​ទឹក​ភ្នែក​របស់​នាង ឲ្យ​គេ​ដឹង​ថា នាង​មិន​ចង់​ឲ្យ​បុរស​នោះ ស្លាប់​ទៅ​ដោយ​មិន​បាន​ស្គាល់​ព្រះយេស៊ូវ​ទេ។ នាង​ក៏​បាន​ទួញ​យំ​ចេញ​ពី​ចិត្ត សម្រាប់​បុរស​ម្នាក់​នេះ ដែល​កំពុង​តែ​បដិសេធន៍​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​សង្រ្គោះ នៅ​ពេល​នោះ។

ទឹក​ភ្នែក​របស់​ក្មេង​ជំទង់​ម្នាក់​នេះ បាន​រំឭក​ខ្ញុំ​អំពី​សាវ័ក​ប៉ុល ដែល​បាន​បម្រើ​ព្រះ​អម្ចាស់ ដោយ​ការ​បន្ទាប​ខ្លួន ហើយ​មាន​ទុក្ខ​សោក​នៅ​ក្នុង​ចិត្ត ចំពោះ​ជន​រួម​ជាតិ​របស់​គាត់ ព្រោះ​គាត់​ចង់​ឲ្យ​ពួក​គេ​ទទួល​ជឿ​ព្រះ​គ្រីស្ទ(រ៉ូម ៩:១-៥)។ សេចក្តី​អាណិត​របស់​សាវ័ក​ប៉ុល និង​ការ​ដែល​គាត់​ខ្វល់​ពី​អ្នក​ដទៃ ប្រាកដ​ជា​បាន​នាំ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ដង។

បើ​យើង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ចំពោះ​អ្នក​ដទៃ ដែល​មិន​ទាន់​បាន​ទទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ យើង​នឹង​ស្វែង​រក​វិធី​ចែក​ចាយ​អំពី​សេចក្តី​សង្រ្គោះ​របស់​ព្រះ​ដល់​ពួក​គេ​មិន​ខាន។ ចូរ​យើង​ប្រើ​ជំនឿ និង​ក្តី​អាណិត​របស់​យើង ដើម្បី​នាំ​ដំណឹង​ល្អ​ទៅ​ផ្សាយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ព្រះ​សង្រ្គោះ។-Dave Branon