កាល​ពី​ឆ្នាំ២០០៥ ពេល​ដែល​អ្នក​ស្រី​រ៉ូសា ផាកស៍(Rosa Parks) ដែល​ជា​វីរ​​នារី​ទាម​ទារ​សិទ្ធិ​ពល​រដ្ឋ​នៃ​សហ​រដ្ឋ​អាមេរិក បាន​ទទួល​មរណៈ​ភាព អ្នក​ស្រី​អូប្រាហ វីន​ហ្វ្រេយ(Oprah Winfrey) បាន​រាប់​ថា ខ្លួន​គាត់​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ពោល​សរសើរ​អ្នក​ស្រីរ៉ូសា ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់។ អ្នក​ស្រី​អូប្រាហ បាន​មានប្រសាសន៍​អំពី​ស្រ្តី​គំរូ​ម្នាក់​នេះ ​ដែល​មិន​ព្រម​ងើប​ចេញ​ពី​កៅអី​អង្គុយ​ក្នុង​ឡាន​ក្រុង ដែល​គេ​ទុក​សម្រាប់​ឲ្យ​បុរស​ស្បែក​សរ​អង្គុយ នៅ​ឆ្នាំ​១៩៥៥។ គឺ​ដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ជា​ញឹក​ញាប់ ខ្ញុំ​បាន​គិត​អំពី​ការ​ដែល​គាត់​មិន​ព្រម​ងើប​ចេញ​ពី​កៅអី ដែល​គេ​ទុក​សម្រាប់​តែ​ជន​ជាតិ​ស្បែក​សរ​អង្គុយ ដោយ​គាត់​ដឹង​ថា បរិយ៉ា​កាស​សង្គម​នៅ​សម័យ​នោះ​ មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច ហើយ​មាន​អ្វី​ខ្លះ​អាច​កើត​ឡើង​ចំពោះ​គាត់។ គាត់​បាន​ធ្វើ​ការ​នេះ ដោយ​មិន​ខ្វល់​ពី​ខ្លួន​ឯង  ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​សម្រាប់​យើង​រាល់​គ្នា”។

ជា​ញឹក​ញាប់ យើង​អាច​និយាយ​សរសើរ​អ្នក​ដទៃ នៅ​ពិធី​បុណ្យ​សព​របស់​ពួក​គេ តែ​យើង​ក៏​អាច​និយាយ​សរសើរ​អ្នក​ដទៃ នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ។ ក្នុង​បន្ទាត់​ដំបូង​នៃ​បទ​គម្ពីរ​អេភេសូរ សាវ័ក​ប៉ុល​បាន​ពោល​សរសើរ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា”។ គាត់​បាន​ប្រើ​ពាក្យ “សូម​សរសើរ” ដោយ​អញ្ជើញ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ ឲ្យ​ចូល​រួម​ជា​មួយគាត់ នៅ​ក្នុង​ការ​សរសើរ​ដំកើង​ព្រះ សម្រាប់​ព្រះ​ពរ​ខាង​វិញ្ញាណ​គ្រប់​ប្រភេទ ដែល​មាន​ដូច​ជា : ព្រះ​បាន​ជ្រើស​រើស ហើយ​ទទួល​ចិញ្ចឹម​ពួក​គេ, ព្រះ​យេស៊ូវ​បាន​ប្រោស​លោះ អត់​ទោស ហើយ​ក៏​បានបើក​បង្ហាញ​ពួ​កគេ​ ឲ្យ​ស្គាល់​អាថ៌​កំបាំង​នៃ​ដំណឹង​ល្អ ហើយ​ព្រះ​វិញ្ញាណ​ក៏​បាន​ធានា និង​ដៅ​ចំណាំ​ពួក​គេ​។ សេចក្តី​សង្រ្គោះ​ដ៏​អស្ចារ្យ​នេះ គឺ​ជា​ព្រះ​រាជ​កិច្ច​របស់​ព្រះ និង​ព្រះ​គុណ​របស់​ទ្រង់។

ចូរ​យើង​បន្ត​ផ្តោត​គំនិត​យើង ​ទៅ​លើ​ព្រះ​ពរ​របស់​ព្រះ ដែល​មាន​ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​បង្ហូរ​ចេញ​ជា​ការ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ប្រកាស​ដូច​សាវ័ក​ប៉ុល​ថា “ចូរ​សរសើរ​សិរី​ល្អ​របស់​ទ្រង់”(១:១៤)។-Marvin Williams