មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ជីវិត និង​គ្រួសារ​គាត់។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ ឬ​ធ្វើ​អ្វី​ឡើយ។ គាត់​ក៏​បាន​មើល​មុខ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​គ្រាន់​តែ​អង្គុយ​នៅ​ក្បែរ​គាត់​បាន​ហើយ។ ខ្ញុំ​ក៏​បាន​នៅ​ក្បែរ​គាត់ ហើយ​ក្រោយ​មក  យើង​ក៏​បាន​ចាប់​ផ្តើម​ជជែក​គ្នា អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។

ជា​រឿយ​ៗ ពេល​ដែល​អ្នក​ដទៃ​កំពុង​សោក​សង្រេង យើង​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទេ ហើយ​ពេល​ខ្លះ ការ​និយាយ​ស្តី​ទៅ​កាន់​ពួក​គេ អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទុក្ខ​កាន់​តែ​ខ្លាំង។​ ការបម្រើ​អ្នក​ដទៃ​តម្រូវ​ឲ្យ​យើង​យល់​ចិត្ត​ពួក​គេ ដោយ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​អ្វី។

ជា​ញឹក​ញាប់ យើង​អាច​ជួយ​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពួក​គេ។ ប៉ុន្តែ ការ​អង្គុយ​នៅ​ក្បែរ ស្តាប់​ពួក​គេនិយាយ អាច​ស្ថិត​ក្នុង​ចំណោម​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង ពេល​យើង​ស្រែក​អំពាវ​នាវ​រក​ទ្រង់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ពោល​ឡើង​ថា “ឯ​មនុស្ស​សុចរិត គេ​អំពាវនាវ ហើយ​ព្រះយេហូវ៉ាទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្តី​លំបាក​របស់​គេ ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។

យើង​អាច​ជួយ​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដោយ​យល់​ចិត្ត ហើយ​បង្ហាញ​ក្តី​អាណិត​ចំពោះ​ពួក​គេ។ យើង​អាច​អង្គុយ​នៅ​ក្បែរ​ពួក​គេ ដូច​ដែល​ព្រះ​គង់​នៅ​ជា​មួយ​យើង​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ​សម្រាប់​និយាយ​ទៅ​កាន់​ពួក​គេ បើ​សិន​ជា​ចាំ​បាច់។-Keila Ochoa