មាន​ពេល​មួយ​ ខ្ញុំ​បាន​ដើរ​រើស​សម្បក​ដប នៅ​ឆ្នេរ​សមុទ្រ ហើយ​បោះ​ចូល​ទៅ​ក្នុង​ធុង​សំរាម ​ដែល​នៅ​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ។ ខ្ញុំ​រើស​បណ្តើរ​រអ៊ូ​ដាក់​លោក​ចេយ(Jay) បណ្តើរ​ថា “ធុង​សំរាម​នៅ​ក្បែរ​ហ្នឹង​សោះ ហេតុ​អ្វី​ពួក​គេ​មិន​ព្រម​ដើរ​ទៅ​បោះ​សំរាម​ចូល​ក្នុង​ធុង​អញ្ចឹង? តើ​ការធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​មាន​ភាព​រាយ​ប៉ាយ សម្រាប់​អ្នក​ដទៃ ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​អារម្មណ៍​ល្អ​ឡើង​ចំពោះ​ខ្លួន​ឯង​ឬ? ខ្ញុំ​សង្ឃឹម​ថា អ្នក​ចោល​សំរាម​នោះ សុទ្ធ​តែ​ជា​ភ្ញៀវ​ទេស​ចរណ៍។ ខ្ញុំ​មិន​ចង់​គិត​ថា ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​តំបន់​នេះ កំពុង​ប្រព្រឹត្ត​ចំពោះ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន ដោយ​គ្មាន​ការ​គោរព​យ៉ាង​ដូច​នេះ​ទេ”។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​អាន​ចំ​សេចក្តី​អធិស្ឋាន ដែល​ខ្ញុំ​បាន​សរសេរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន អំពី​ការ​កាត់​ទោស​អ្នក​ដទៃ។ សេចក្តី​អធិ​ស្ឋាន​នោះ​បាន​រំឭក​ខ្ញុំ​ថា   ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ   ដែល​បាន​មាន​អំណួត​ នៅ​ក្នុង​ការ​ជួយ​សម្អាត​ភាព​រាយ​ប៉ាយ​ដែល​អ្នក​ដទៃ​បាន​បង្ករ​យ៉ាង​ដូច​នេះ។ តាម​ពិត ខ្ញុំ​បាន​បង្ករ​ភាព​រាយ​ប៉ាយ​ជា​ច្រើន តែ​ខ្ញុំគ្រាន់​តែ​មិន​បាន​ចាប់​អារម្មណ៍  ជា​ពិសេស នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​។

ខ្ញុំ​ច្រើន​តែ​ឆាប់​អះ​​អាង​ថា   ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យជី​វិត​ខ្លួន​ឯង​មាន​សណ្តាប់​ធ្នាប់ គឺ​ដោយ​សារ​តែ​អ្នក​ដទៃ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាព​រញេរ​ញៃ។ ហើយ​ខ្ញុំ​ក៏​ឆាប់​សន្និ​ដ្ឋាន​ថា “សំរាម” ដែល​កំពុង​ជះ​ក្លិន​ជុំវិញ​ខ្លួន​ខ្ញុំ ជា​របស់​អ្នក​ដទៃ ជា​ជាង​ថា ​វា​ជា​របស់​ខ្ញុំ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គ្មាន​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​ខ្ញុំ អាច​ថ្កោល​ទោស ឬ​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ក៏​ខ្វក់​ឡើយ តែ​គឺ​មាន​តែ​អ្វី​ដែល​នៅ​ខាង​ក្នុង​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក និង​គ្មាន​សណ្តាប់​ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។

ធាតុ​ពិត​នៃ​សំរាម គឺ​ជា​អាកប្ប​កិរិយា ដែល​នាំ​ឲ្យ​ខ្ញុំ​តម្រង់​ច្រមុះ ទៅ​តាម​ហឹត​អំពើ​បាប​របស់​អ្នក​ដទៃ ដោយ​មិន​អើពើរ​ចំពោះ​ក្លឹន​ដ៏​ស្អុយ​នៃ​អំពើ​បាប​របស់​ខ្លួន​ឯង។-Julie Ackerman Link