ពេល​យើង​មើល​ផ្នែក​ខាង​ក្រោម នៃ​គេហ​ទំព័រ​ពត៌​មាន នៅ​តាម​បណ្តាញ​អ៊ីន​ធើណិត យើង​នឹង​ឃើញ​ផ្នែក​សម្រាប់ “បញ្ចេញ​មតិ ឬ comment” ដែល​អ្នក​អាន អាច​បញ្ចេញ​មតិ​យោបល​ផ្សេង​ៗ​បាន។ សូម្បី​តែ​នៅ​ក្នុង​គេហទំព័រ​ពត៌​មាន​ដ៏​ល្បី​ល្បាញ​បំផុត ក៏​មិន​ខ្វះ​អ្នក​បញ្ចេញ​មតិ ដែល​ប្រើ​ពាក្យ​អសុរោះ ការ​ជេរ​ប្រទិច និង​ហៅ​ឈ្មោះ​អាក្រក់​ៗ ។ល។

កណ្ឌ​គម្ពីរ​សុភា​សិត ត្រូវ​បាន​ចង​ក្រង​ប្រហែល​៣០០០​ឆ្នាំ​មុន ប៉ុន្តែ ប្រាជ្ញា​ដែល​មាន​ក្នុង​បទ​គម្ពីរ​នេះ អាច​ប្រើ​ត្រូវ​គ្រប់​សម័យ​កាល ហើយ​ក៏​ត្រូវ​នឹង​បរិបទ​នៃ​ការ​ផ្សាយ​ពត៌​មាន​ថ្មី​ៗ ប្រចាំ​ថ្ងៃ ក្នុង​សង្គម​បច្ចុប្បន្ន​ផង​ដែរ។ សុភាសិត​ពីរ​ផ្សេង​គ្នា ក្នុង​ជំពូក​២៦ ហាក់​ដូច​ជា​មាន​ន័យ​ផ្ទុយ​ពី​គ្នា បើ​យើង​មិន​គិត​ឲ្យ​ស៊ី​ជម្រៅ​ទេ​នោះ ប៉ុន្តែ សុភាសិត​ទាំង​ពីរ​សុទ្ធ​តែ​អាច​ប្រើ ត្រូវ​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់បណ្តាញ​សង្គម​សព្វ​ថ្ងៃ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងីល្ងើ តាម​សេចក្តី​ចំកួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ”(ខ.៤)។ ហើយ “ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងីល្ងើ ឲ្យ​ចំ​នឹង​សេចក្តី​ចំកួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្តី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា”(ខ.៥)។ តាម​ពិត​សុភាសិត​ទាំង​ពីរ​ខ​នេះ​មិនមាន​ន័យ​ផ្ទុយ​គ្នា​ទេ គឺ​គ្រាន់​តែ​ចង់​បង្រៀន​យើង កុំ​ឲ្យ​ឆ្លើយ​តប តាមរបៀប​របស់​មនុស្ស​ល្ងីល្ងើ។ តែ​ចូរ​ឆ្លើយ​តប ឲ្យ​បាន​សមរម្យ ដើម្បី​កុំឲ្យ​គេ​គិត​ថា ភាព​ល្ងង់​ល្ងើ​នោះ ជា​ប្រាជ្ញា​នោះ​ឡើយ។

បញ្ហា​ដែល​ខ្ញុំ​មាន​នោះ​គឺ​ថា  ភាព​ល្ងង់​ល្ងើ​ដែល​ខ្ញុំ​ជួប​ប្រទះ​  ច្រើន​តែ​ជា​ភាព​ល្ងង់​ល្ងើ​របស់​ខ្លួន​ឯង។​ ជួន​កាល ខ្ញុំ​បាន​បញ្ចេញ​យោបល ឬ​ comment ក្នុង​បណ្តាញ​សង្គម ដោយ​ខ្វះ​ការ​គួរ​សម ឬ​ប្រើ​ពាក្យ​សម្តី​របស់​នរណា​ម្នាក់ ដើម្បី​វាយ​ប្រហារ​ទៅ​អ្នក​នោះ​វិញ។ ខ្ញុំ​មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​គ្មាន​ការ​គោរព​យ៉ាង​ដូច​នេះ​ឡើយ សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ កំពុង​ធ្វើ​ទង្វើ​ដ៏​ល្ងីល្ងើ​យ៉ាង​ណា​ក៏​ដោយ។

ព្រះ​ទ្រង់​បាន​ប្រទាន​យើង នូវ​សេរី​ភាព​ជា​ច្រើន។ យើង​អាច​សម្រេច​ចិត្ត​និយាយ​អ្វី​មួយ នៅ​ពេល​ណា​មួយ និង​ដោយ​របៀប​ណា​មួយ ដោយ​សេរី។ តែ​ចូរ​យើង​ធ្វើ​ការ​ទាំង​អស់​នោះ ដើម្បី​សរសើរ​ដំកើង​ព្រះ​វិញ ហើយ​ចូរ​យើង​ទូល​សូម​ប្រាជ្ញា​ពី​ទ្រង់។-Tim Gustafson