ការ​រក​ឃើញ​ថ្នាំ​ពីនីស៊ីលីន(Penicillin) បាន​ធ្វើ​ឲ្យ​ការ​ព្យាបាល​ជម្ងឺ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។​ មុន​ឆ្នាំ ១៩៤០ ការ​កើត​ជម្ងឺ​ឆ្លង​បាក់​តេរី ច្រើន​តែ​នំា​ឲ្យ​បាត់​បង់​ជីវិត។ តែ​ចាប់​តាំង​ពី​ពេល​ដែល​គេ​រក​ឃើញ​ថ្នាំ​ពីនីស៊ីលីន​មក អ្នក​ជម្ងឺ​ជា​ច្រើន​រាប់​មិន​អស់ បាន​រួច​ជីវិត ដោយ​ថ្នាំ​នេះ​បាន​សម្លាប់​បាក់​តេរី​ដ៏​កាច​សាហាវ ក្នុង​ខ្លួន​ពួក​គេ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​បាន​រក​ឃើញ​សក្តានុ​ពល​នៃ​ថ្នាំ​នេះ ហើយ​បាន​ផលិត សម្រាប់​ការ​ប្រើ​ប្រាស់​ទូទំាង​ពិភព​លោក ក៏​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព ក្នុង​ឆ្នាំ ១៩៤៥។

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ មុន​ពេល​គេ​រក​ឃើញ​ថ្នាំ​ពីនី​ស៊ីលីន មាន​អ្នក​សម្លាប់​មេរោគ​ដ៏​ស្ងប់​ស្ងាត់​ដទៃ​ទៀត ដែល​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម ដោយ​សង្រ្គោះ​ជីវិត​មនុស្ស​ដោយ​បំផ្លាញ​បាក់​តេរី​ផង​ដែរ។ អ្នក​សម្លាប់​មេរោគ​ដ៏​ស្ងប់​ស្ងាត់​នេះ គឺ​ជា​កោសិកា​ឈាម​ស។ ព្រះ​ទ្រង់​បាន​ប្រើ​ពួក​វា​ឲ្យ​ធ្វើ​ការ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ការពារ​យើង​ពី​ជម្ងឺ​ទាំង​ឡាយ។ គ្មាន​នរណា​ដឹង​ថា ពួក​វា​បាន​បញ្ឈប់​ការ​ចូល​លុក​លុយ​របស់​ជម្ងឺ​ប៉ុន្មាន ឬ​បាន​សង្រ្គោះ​ជីវិត​មនុស្ស​ប៉ុន្មាន​នាក់​ទេ។ កាល​ពី​មុន​ គេ​មាន​ការ​ទទួល​ការ​​ទទួល​ស្គាល់​ពួក​វា ​តែ​​បន្តិច​បន្តួច​ប៉ុណ្ណោះ ​សម្រាប់​គ្រប់​ការ​ល្អ​ដែល​ពួក​វា​បាន​ធ្វើ។

យ៉ាង​ណា​មិញ មនុស្ស​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ​អម្ចាស់ ដូច​នេះ​ផង​ដែរ។ គេ​ច្រើន​តែ​ស្តី​បន្ទោស​ទ្រង់ ពេល​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង តែ​គេ​កម្រ​សរសើរ​ទ្រង់​ សម្រាប់​ការ​ល្អ​ដែល​បាន​កើត​ឡើង​។ ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ជា​ច្រើន​ក្រោក​ពី​គេង ងូត​ទឹក​ស្លៀក​ពាក់ ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ ឬ​សាលា​រៀន ឬ​ផ្សា ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុវត្ថិ​ភាព។ គេ​មិន​ដឹង​ថា​ ព្រះ​ទ្រង់​បាន​ការពារ​ពួក​គេ​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់ ប៉ុន្មាន​ដង​ហើយ​ទេ។ ប៉ុន្តែ ពេល​ដែល​មាន​សោកនាដ​កម្ម​កើត​ឡើង យើង​សួរ​ថា “តើ​ព្រះ​នៅ​ទីណា?”

ពេល​ដែល​ខ្ញុំ​ពិចារណា អំពី​ការ​ដ៏​អស្ចារ្យ ដែល​ព្រះ​បាន​ធ្វើ ដោយ​សម្ងាត់ សម្រាប់​យើង​ជា​រៀង​រាល់​ថ្ងៃ (អេសាយ ២៥:១) ការ​សរសើរ​ដំកើង​របស់​ខ្ញុំ មាន​ច្រើន​ជាង​ការ​ទូល​សូម​ដល់​ទ្រង់។-Julie Ackerman Link