មាន​សត្វ​ពីង​ពាង​ពិស​ដ៏​សាហាវ​មួយ បាន​ផ្លាស់​ទី​ចូល​ទៅ​ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក ហើយ​វា​កំពុង​សម្លាប់​មនុស្ស​ម្នា។ នេះ​ជា​ដំណឹង​ដែល​គេ​បាន​ផ្ញើ​មក​ខ្ញុំ និង​អ្នក​ដទៃ​ទៀត ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​អ៊ីមេល​របស់​ខ្ញុំ។ រឿង​នេះ​ហាក់​ដូច​ជា​គួរ​ឲ្យ​ជឿ ដោយ​សារ​វា​បាន​ប្រើ​ឈ្មោះ​បែប​វិទ្យា​សាស្ត្រ និង​និយាយ​អំពី​ស្ថាន​ភាព​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ពិនិត្យ​រក​មើល​វា នៅ​ក្នុង​គេហ​ទំព័រ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​ពិត​ទេ គឺ​វា​គ្រាន់​តែ​ជា​ពត៌​មាន​បោកប្រាស់​តាម​អ៊ីន​ធើណិត​ប៉ុណ្ណោះ។ គេ​អាច​ដឹង​ថា ពត៌​មាន​ណា​មួយ​ពិត​ឬ​ក៏​អត់ ដោយ​ផ្ទៀត​ផ្ទាត់​ជា​មួយ​នឹង​ប្រភព​ពត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

នៅ​សតវត្សរ៍​ទី​១ គ្រីស្ទ​បរិស័ទ​មួយ​ក្រុម ដែល​កំពុង​រស់​នៅ​ក្នុងនគរ​ម៉ាសេដូន មាន​ការ​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​បញ្ជាក់ អំពី​សេចក្តី​អ្វី​ដែល​ពួក​គេ​កំពុង​ស្តាប់។   ​ជាក់​ស្តែង ពួក​អ្នក​នៅ​ក្រុងបេរ៉ា “ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះបន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្តី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ”(កិច្ចការ ១៧:១១)។ កាល​នោះ ពួក​គេ​កំពុង​ស្តាប់​សាវ័ក​ប៉ុល​ចែក​ចាយ​ព្រះ​បន្ទូល ហើយ​ចង់​ដឹង​ឲ្យ​ច្បាស់​ថា ការ​បង្រៀន​របស់​គាត់ មាន​ភាព​សម​ស្រម​នឹង​ការ​បង្រៀន ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ឬ​អត់។ គាត់​ប្រហែល​ជា​កំពុង​ប្រាប់​ពួក​គេ​ថា មាន​ភស្តុ​តាង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​បញ្ជាក់​ថា ព្រះ​មែស៊ី​នឹង​រង​ទុក្ខ ហើយ​សុគត់​ដើម្បី​លោះ​បាប​មនុស្ស។ បាន​ជា​ពួក​គេ​ចាំ​បាច់​ត្រូវ​យក​បទ​គម្ពីរ​សញ្ញា​ចាស់​មក​ផ្ទៀត​ផ្ទាត់ ឲ្យ​ដឹង​ថា ការ​បង្រៀន​របស់​គាត់​ត្រឹម​ត្រូវ​ឬ​អត់។

ពេល​យើង​បាន​ទទួល​ការ​បង្រៀន​ខាង​វិញ្ញាណ​ដែល​រំខាន​ចិត្ត​យើង យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។ យើង​អាច​ពិនិត្យ​មើល​ក្នុង​ព្រះ​គម្ពីរ ដោយ​ខ្លួន​ឯង​បាន ដោយ​ស្តាប់​តាម​ប្រភព​នៃ​ការ​បង្រៀន​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​យេស៊ូវ ដ៏​ជា​ព្រះ​អម្ចាស់​នៃ​យើង។-Dave Branon