មានសត្វពីងពាងពិសដ៏សាហាវមួយ បានផ្លាស់ទីចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយវាកំពុងសម្លាប់មនុស្សម្នា។ នេះជាដំណឹងដែលគេបានផ្ញើមកខ្ញុំ និងអ្នកដទៃទៀត ដែលមានក្នុងបញ្ជីឈ្មោះអ៊ីមេលរបស់ខ្ញុំ។ រឿងនេះហាក់ដូចជាគួរឲ្យជឿ ដោយសារវាបានប្រើឈ្មោះបែបវិទ្យាសាស្ត្រ និងនិយាយអំពីស្ថានភាពនៃជីវិតពិត។ ប៉ុន្តែ ពេលដែលខ្ញុំពិនិត្យរកមើលវា នៅក្នុងគេហទំព័រ ដែលគួរឲ្យទុកចិត្តបាន ខ្ញុំក៏បានដឹងថា រឿងនេះមិនពិតទេ គឺវាគ្រាន់តែជាពត៌មានបោកប្រាស់តាមអ៊ីនធើណិតប៉ុណ្ណោះ។ គេអាចដឹងថា ពត៌មានណាមួយពិតឬក៏អត់ ដោយផ្ទៀតផ្ទាត់ជាមួយនឹងប្រភពពត៌មានដែលគួរឲ្យទុកចិត្ត។
នៅសតវត្សរ៍ទី១ គ្រីស្ទបរិស័ទមួយក្រុម ដែលកំពុងរស់នៅក្នុងនគរម៉ាសេដូន មានការយល់ដឹងអំពីសារៈសំខាន់នៃការបញ្ជាក់ អំពីសេចក្តីអ្វីដែលពួកគេកំពុងស្តាប់។ ជាក់ស្តែង ពួកអ្នកនៅក្រុងបេរ៉ា “ប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ”(កិច្ចការ ១៧:១១)។ កាលនោះ ពួកគេកំពុងស្តាប់សាវ័កប៉ុលចែកចាយព្រះបន្ទូល ហើយចង់ដឹងឲ្យច្បាស់ថា ការបង្រៀនរបស់គាត់ មានភាពសមស្រមនឹងការបង្រៀន ក្នុងព្រះគម្ពីរសញ្ញាចាស់ឬអត់។ គាត់ប្រហែលជាកំពុងប្រាប់ពួកគេថា មានភស្តុតាងក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានបញ្ជាក់ថា ព្រះមែស៊ីនឹងរងទុក្ខ ហើយសុគត់ដើម្បីលោះបាបមនុស្ស។ បានជាពួកគេចាំបាច់ត្រូវយកបទគម្ពីរសញ្ញាចាស់មកផ្ទៀតផ្ទាត់ ឲ្យដឹងថា ការបង្រៀនរបស់គាត់ត្រឹមត្រូវឬអត់។
ពេលយើងបានទទួលការបង្រៀនខាងវិញ្ញាណដែលរំខានចិត្តយើង យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន។ យើងអាចពិនិត្យមើលក្នុងព្រះគម្ពីរ ដោយខ្លួនឯងបាន ដោយស្តាប់តាមប្រភពនៃការបង្រៀនដែលអាចទុកចិត្តបាន ហើយស្វែងរកប្រាជ្ញាពីព្រះយេស៊ូវ ដ៏ជាព្រះអម្ចាស់នៃយើង។-Dave Branon