ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចែកចាយដល់បងប្អូនសាច់ឆ្ងាយម្នាក់ អំពីព្រះសង្រ្គោះមួយអង្គ ដែលយើងម្នាក់ៗត្រូវការ។ ពេលគាត់មកលេងខ្ញុំ កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានលើកទឹកចិត្តគាត់ម្តងទៀត ឲ្យទទួលជឿព្រះគ្រីស្ទ។ គាត់ក៏បានឆ្លើយតបភ្លាមៗថា គាត់ចង់ទទួលជឿព្រះយេស៊ូវ ហើយចង់ទៅព្រះវិហារ តែត្រូវរង់ចាំសិន។ គាត់ថា គាត់កំពុងរស់នៅក្នុងចំណោមមនុស្សដែលមានជំនឿផ្សេងៗ។ បើគាត់មិនផ្លាស់ទីលំនៅជាមុនសិនទេ នោះគាត់មិនអាចជឿព្រះយេស៊ូវបានទេ។ គាត់ក៏បាននិយាយប្រាប់ខ្ញុំ អំពីការធ្វើទុក្ខបៀតបៀន ការសើចចម្អក និងការទទួលរងសំពាធពីមិត្តភក្តិ ដែលគាត់បានយកជាសេស ដើម្បីពន្យាពេលការសម្រេចចិត្តទទួលជឿព្រះ។
ការភ័យខ្លាចរបស់គាត់មានហេតុផល តែខ្ញុំបានបញ្ជាក់គាត់ថា ទោះជាមានអ្វីកើតឡើងក៏ដោយ ព្រះទ្រង់នឹងមិនដែលបោះបង់ចោលគាត់ឡើយ។ ខ្ញុំក៏បានលើកទឹកចិត្តគាត់ កុំឲ្យពន្យាពេលឡើយ តែឲ្យទទួលជឿព្រះ ដើម្បីទទួលសេចក្តីសង្រ្គោះ ការថែរក្សា និងការពារពីទ្រង់។ គាត់ក៏ឈប់ប្រកែកទៀត ហើយក៏បានទទួលស្គាល់ថា គាត់ត្រូវការការអត់ទោសបាបរបស់ព្រះយេស៊ូវ បានជាគាត់ទទួលទ្រង់ជាព្រះអម្ចាស់ និងព្រះសង្រ្គោះផ្ទាល់ខ្លួនតែម្តង។
ពេលព្រះយេស៊ូវត្រាសហៅគេឲ្យដើរតាមទ្រង់ ក៏មានអ្នកយកលេសមិនព្រមដើរតាមទ្រង់ផងដែរ ដោយពួកគេសុទ្ធតែជាប់រវល់តែនឹងការខ្វល់ខ្វាយនៃលោកិយនេះប៉ុណ្ណោះ(លូកា ៩:៥៩-៦២)។ ព្រះអម្ចាស់ទ្រង់ក៏បានឆ្លើយតបថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។ ការឆ្លើយតបនេះ(ខ.៦០-៦២) បានជំរុញចិត្តយើង កុំឲ្យយកលេស ឬលើកហេតុផលមិនព្រមដើរតាមទ្រង់ឡើយ ព្រោះវានឹងធ្វើឲ្យយើងបាត់ឱកាសទទួលការដែលសំខាន់បំផុតក្នុងជីវិត ដែលជាសេចក្តីសង្រ្គោះដល់វិញ្ញាណយើង។
តើអ្នកបានឮព្រះទ្រង់ត្រាសហៅអ្នក ឲ្យថ្វាយជីវិតដាច់ដល់ទ្រង់ឬទេ?
ចូរកុំពន្យាពេលឡើយ។ “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។-Lawrence Darmani