លោកបណ្ឌិត ប្រាយអិន ហ្គោលមិន(Brian Goldman) មានការព្យាយាមខ្លាំងពេក ដើម្បីធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ នៅក្នុងការព្យាបាលអ្នកជម្ងឺរបស់គាត់។ ប៉ុន្តែ នៅក្នុងកម្មវិធីសំភាសរបស់ទូរទស្សន៍ក្នុងស្រុកមួយ គាត់បានទទួលស្គាល់ថា គាត់បានធ្វើខុស នៅក្នុងព្យាបាលអ្នកជម្ងឺ។ គាត់បានបើកបង្ហាញឲ្យគេដឹងថា គាត់បានព្យាបាលស្រ្តីម្នាក់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយក៏បានសម្រេចចិត្តឲ្យគាត់ចេញពីពេទ្យ។ ក្រោយមក នៅថ្ងៃដដែលនោះ មានគិលានុបដ្ឋាយិការម្នាក់បានសួរគាត់ថា “តើលោកគ្រូនៅចាំអ្នកជម្ងឺម្នាក់ ដែលលោកគ្រូបានឲ្យទៅផ្ទះទេ? ឥឡូវគាត់បានត្រឡប់មកវិញហើយ”។ អ្នកជម្ងឺម្នាក់នោះ ក៏បានត្រឡប់មកព្យាបាលនៅមន្ទីរពេទ្យវិញ ហើយក៏បានស្លាប់។ ការនេះបានធ្វើឲ្យគាត់តក់ស្លត់យ៉ាងខ្លាំង។ គាត់បានព្យាយាមកាន់តែខ្លាំង ដើម្បីឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ តែទីបំផុតគាត់ក៏បានដឹងថា តាមពិត គាត់មិនអាចធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះបានឡើយ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងប្រហែលជាមានការរំពឹងគិតថា ខ្លួនឯងនឹងមានភាពល្អឥតខ្ចោះ។ ប៉ុន្តែ ទោះបីជាយើងអាចរស់នៅឲ្យមានភាពល្អឥតខ្ចោះក្នុងកំរិតណាមួយក៏ដោយ ក៏ចិត្ត និងគំនិតយើង មិនដែលមានភាពបរិសុទ្ធមួយរយភាគរយឡើយ។ យ៉ាងណាមិញ សាវ័កយ៉ូហានបានបង្រៀនយើងថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ”(១យ៉ូហាន ១:៨)។ ដើម្បីដោះស្រាយបញ្ហានេះ យើងមិនត្រូវលាក់បាំងអំពើបាបរបស់យើង ឬព្យាយាមកាន់តែខ្លំាង ដើម្បីឲ្យបានល្អឥតខ្ចោះឡើយ តែយើងត្រូវបោះជំហានចូល ក្នុងពន្លឺនៃសេចក្តីពិតរបស់ព្រះ ហើយសារភាពនៅចំពោះទ្រង់វិញ។ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់(ខ.៧)។
តើនឹងមានអ្វីកើតឡើង បើសិនគេដឹងថា គ្រីស្ទបរិស័ទមិនពូកែលាក់បាំងអំពើបាបរបស់ខ្លួន តែពូកែស្រឡាញ់ និងជួយជ្រោងគ្នាឡើង ដោយសេចក្តីពិតនិងព្រះគុណនៃព្រះវិញនោះ? ចុះបើសិនជាយើង បង្ហាញចេញនូវភាពស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមក និងចំពោះលោកិយដែលកំពុងមើលយើង ដោយមិនខ្លាចគ្រោះថ្នាក់ទេនោះ?-Tim Gustafson