លោក​បណ្ឌិត ប្រាយអិន ហ្គោលមិន(Brian Goldman) មាន​ការ​ព្យាយាម​ខ្លាំង​ពេក ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​ក្នុង​ការ​ព្យា​បាល​អ្នក​ជម្ងឺ​របស់​គាត់។​ ប៉ុន្តែ នៅ​ក្នុង​កម្ម​វិធី​សំភាស​របស់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​បាន​ធ្វើ​ខុស នៅ​ក្នុង​ព្យា​បាល​អ្នក​ជម្ងឺ។ គាត់​បាន​បើក​បង្ហាញ​ឲ្យ​គេ​ដឹង​ថា គាត់​បាន​ព្យា​បាល​ស្រ្តី​ម្នាក់ ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ឲ្យ​គាត់​ចេញ​ពី​ពេទ្យ។ ក្រោយ​មក នៅ​ថ្ងៃ​ដដែល​នោះ មាន​គិលានុប​ដ្ឋា​យិការ​ម្នាក់​បាន​សួរ​គាត់​ថា “តើ​លោក​គ្រូ​នៅ​ចាំ​អ្នក​ជម្ងឺ​ម្នាក់ ដែល​លោក​គ្រូ​បាន​ឲ្យ​ទៅ​ផ្ទះ​ទេ? ឥឡូវ​គាត់​បាន​ត្រឡប់​មក​វិញ​ហើយ”។ អ្នក​ជម្ងឺ​ម្នាក់​នោះ ក៏​បាន​ត្រឡប់​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​វិញ ហើយ​ក៏​បាន​ស្លាប់​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​តក់​ស្លត់​យ៉ាង​ខ្លាំង។ គាត់​បាន​ព្យាយាម​កាន់​តែ​ខ្លាំង ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ តែ​ទី​បំផុត​​គាត់​ក៏​បាន​ដឹង​ថា តាម​ពិត គាត់​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ ​

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ប្រហែល​ជា​មាន​ការ​រំពឹង​គិត​ថា ខ្លួន​ឯង​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ ទោះ​បី​ជា​យើង​អាច​រស់​នៅ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​កំរិត​ណា​មួយ​ក៏​ដោយ ក៏​ចិត្ត និង​គំនិត​យើង មិន​ដែល​មាន​ភាព​បរិសុទ្ធ​មួយ​រយ​ភាគ​រយ​ឡើយ។ យ៉ាង​ណា​មិញ សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង​ថា “បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ”(១យ៉ូហាន ១:៨)។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ យើង​មិន​ត្រូវ​លាក់​បាំង​អំពើ​បាប​របស់​យើង ឬ​ព្យាយាម​កាន់​តែ​ខ្លំាង ដើម្បី​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ឡើយ តែ​យើង​ត្រូវ​បោះ​ជំហាន​ចូល ក្នុង​ពន្លឺ​នៃ​សេចក្តី​ពិត​របស់​ព្រះ ហើយ​សារ​ភាព​នៅ​ចំពោះ​ទ្រង់​វិញ។ តែ​បើ​យើង​រាល់​គ្នា​ដើរក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់(ខ.៧)។

តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​សិន​គេ​ដឹង​ថា គ្រីស្ទ​បរិស័ទ​មិន​ពូកែ​លាក់​បាំង​អំពើ​បាប​របស់​ខ្លួន​ តែ​ពូកែ​ស្រឡាញ់ និង​ជួយ​ជ្រោង​គ្នា​ឡើង ដោយ​សេចក្តី​ពិត​និង​ព្រះ​គុណ​នៃ​ព្រះ​វិញ​នោះ? ចុះ​បើ​សិន​ជា​យើង បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ត្រង់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំពោះ​លោកិយ​ដែល​កំពុង​មើល​យើង ដោយ​មិន​ខ្លាច​គ្រោះ​ថ្នាក់ទេ​នោះ​?-Tim Gustafson