មេសោរ​ស្នេហា គឺ​ជា​បាតុភូតិ​ដែល​កំពុង​មាន​ការ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង។​ មនុស្ស​រាប់​ពាន់​នាក់ ជា​គូរ​ស្នេហ៍ បាន​យក​មេសោរ​របស់​ពួក​គេ​មក​ចាក់​ជាប់​នឹង​ស្ពាន ទ្វាររ​បង និង​នៅ​តាម​របងនានា នៅ​ក្នុង​តំបន់​ជា​ច្រើន ក្នុង​ពិភព​លោក ដែល​រួម​មាន ប្រទេស​បារាំង ចិន អូទ្រីស សាធារណៈ​រដ្ឋ​ចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់​ខាង​ជើង ។ល។ គូ​ស្នេហ៍​ទាំង​ឡាយ​បាន​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន នៅ​លើ​មេសោរ រួច​យក​វា​ទៅ​ចាក់​ជាប់​នឹង​កន្លែង​សាធារណៈ ធ្វើ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ពួក​គេ។​ អាជ្ញា​ធរ​នៅ​កន្លែង​ខ្លះ​បាន​ហាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដូច​នេះ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់ ដែល​អាច​បណ្តាល​មក​ពី​សោរ ​ដែល​គេ​បាន​ចាក់​ភ្ជាប់​ច្រើន​ពេក។ អ្នក​ខ្លះ​គិត​ថា ការ​ចាក់​សោរ​ស្នេហា​នៅ​ទីសាធារណៈ ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ តែ​អ្នក​ខ្លះ​ទៀត​បាន​គិត​ថា វា​ជា​សិល្បៈ​ដ៏​ស្រស់​ស្អាត និង​ជា​រូប​ភាព​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្តូរ​ប្តេជ្ញ។

យ៉ាង​ណា​មិញ ព្រះ​អម្ចាស់​បាន​បង្ហាញ​យើង នូវ “សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​ជា​និច្ច” ដ៏​ពិត​ប្រាកដ នៅ​ទីសា​ធារណៈ។ ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ពេល​ដែល​ទ្រង់​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ប្រទាន​ការ​អត់​ទោស ចំពោះ​អំពើ​បាប​របស់​មនុស្ស។ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​សេចក្តី​ស្រឡាញ់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ។ សេចក្តី​សង្រ្គោះ​មិន​គ្រាន់​តែ​ជា​ការ​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អស់​កល្ប​ជា​និច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ការ​ពិសោធន៍​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​នឹង​ការ​អត់​ទោស​បាប ការ​ធានា ការ​ផ្គត់​ផ្គង់​របស់​ព្រះ និង​ព្រះ​គុណ នៅ​ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ទ្រង់។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ និង​គំរូ ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ ឲ្យយក​តម្រាប់​តាម ដោយ “ដើរ​ក្នុង​សេចក្តី​ស្រឡាញ់” ចំពោះ​អ្នក​ដទៃ(អេភេសូរ ៥:២)។

សេចក្តី​ស្រឡាញ់​នៃ​ព្រះ​វរបិតា បាន​ជំរុញ​ចិត្ត​យើង ឲ្យ​ចេះ​អត់​ធ្មត់ និង​មាន​ភាព​សប្បុរស។ តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​គំរូ​ដ៏​ល្អ​បំផុត​នៃ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រហូត។-Anne Cetas