មេបញ្ជា​ការ​ត្រូវ​មាន​ផែន​ការ​ដ៏​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ធ្វើ​សង្រ្គាម  តែ​មុន​ពេល​សង្រ្គាម​នីមួយ​ៗ​ចាប់​ផ្តើម គាត់​ប្រហែល​ជា​ត្រូវ​ទទួល​បញ្ជា​ថ្មី​ៗ​ពី​ថ្នាក់​លើ ហើយ​ចេញ​បញ្ជា​ថ្មី​នោះ​ទៅ​ថ្នាក់​ក្រោម​គាត់។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រជា​ជន​អ៊ីស្រា​អែល លោក​យ៉ូស្វេ​ក៏​ត្រូវ​រៀន​មេរៀន​មួយ​នេះ​ផង​ដែរ។ បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​បាន​ចំណាយ​ពេល​៤០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ព្រះ​ទ្រង់​ក៏​បាន​ជ្រើស​រើស​លោក​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ ចូល​ទឹក​ដី​សន្យា ដែល​ទ្រង់​បាន​សន្យា​ប្រទាន​ពួក​គេ។

ក្នុង​ការ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា ទី​មាំ​មួន​ទី​មួយ ដែល​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នោះ គឺ​ទី​ក្រុង​យេរីខូ។ មុន​ពេល​សង្រ្គាម​ចាប់​ផ្តើម លោក​យ៉ូស្វេ​បាន​ឃើញ “មេ​បញ្ជា​ការ​របស់​កង​ទ័ព​នៃ​ព្រះអម្ចាស់”​(គេជឿ​ថា នោះ​ជា​ព្រះ​អម្ចាស់) កំពុង​ឈរ​នៅ​ពី​មុខ​គាត់ ដោយ​មាន​ដាវ​កាន់​នៅ​ព្រះ​ហស្ត​ទ្រង់​ស្រាប់។ លោក​យ៉ូស្វេ​ក៏​បាន​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា លោក​យ៉ូស្វេ​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើររបស់​ព្រះ និង​ភាព​តូច​ទាប​របស់​គាត់។ បន្ទាប់​មក គាត់​ក៏​បាន​សួរ​ថា “ព្រះ​អម្ចាស់ នៃ​ទូល​បង្គំ ចង់​មាន​ព្រះបន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច?”(យ៉ូស្វេ ៥:១៤) លោក​យ៉ូស្វេ​បាន​ទទួល​ជ័យ​ជម្នះ នៅ​ទីក្រុង​យេរីខូ ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់។

នៅ​ពេល​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​និង​ប្រជា​ជន​របស់​គាត់ “ទូល​សួរ​ព្រះ​អម្ចាស់” ឲ្យ​ទ្រង់​ដឹក​នាំ​ពួក​គេ​(៩:១៤)។ ហេតុ​នេះ​ហើយ ពួក​សត្រូវ​ក៏​បាន​បោក​បញ្ឆោត​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មួយ​សាសន៍​គីបៀន ដែល​ជា​ខ្មាំង​សត្រូវ​ក្នុង​ទឹក​ដី​កា​ណាន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​​ព្រះ​​ទ័យ ហើយ​ពួក​គេ​ក៏​ទទួល​លទ្ធ​ផល​អាក្រក់​ជា​ច្រើន(ខ.៣-២៦)។

យើង​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់​ផង​ដែរ ពេល​ដែល​យើង​ជួប​ការ​ពិបាក ក្នុង​ជីវិត។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់ នៅ​ថ្ងៃ​នេះ ដោយ​ការ​បន្ទាប​ខ្លួន។ ហើយ​ទ្រង់​នឹង​នៅ​តែ​គង់​នៅក្បែរ​យើង រង់​ចាំ​ដឹក​នាំ​យើង​នៅ​ថ្ងៃ​ស្អែក​ទៀត។-Keila Ochoa