កាល​ខ្ញុំ​នៅ​បង្រៀន​ក្នុង​ថ្នាក់​សំណេរ​កំរិត​មហា​វិទ្យា​ល័យ មាន​សិស្ស​របស់​ខ្ញុំ​ម្នាក់ បានផ្ញើសារមកខ្ញុំ ដោយ​មាន​ការ​បន្ទាន់​ចង់​ប្រាប់​ខ្ញុំ។ ដោយសារ​គាត់​មិន​បាន​ទទួល​ពន្ទុះ​ល្អ​នៅ​ដំណាច់​ឆមាស គាត់​ក៏​បាន​សុំ​ប្រឡង​សង ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្មម​នឹង​អាច​ឲ្យ​គាត់​ចូល​រួម​ក្នុង​ក្រុម​កីឡា។ តើ​ខ្ញុំ​គួរ​ជួយ​គាត់​យ៉ាង​ដូច​ម្តេច? គាត់​បាន​ខក​ខាន​មិន​បាន​ធ្វើ​តែង​សេចក្តី​មួយ​ចំនួន​ ដូច​នេះ ខ្ញុំ​ក៏​បាន​ទុក​ពេល​ឲ្យ​គាត់​២​ថ្ងៃ ដើម្បី​សរសេរ​បញ្ចប់​តែង​សេចក្តី​ទាំង​នោះ ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្អ​ជាង​មុន។ គាត់​ក៏​បាន​អរ​គុណ​ខ្ញុំ ហើយ​សន្យា​ថា​ គាត់​នឹង​ធ្វើ​តែង​សេចក្តី​នោះ​ឲ្យ​ចប់ ហើយ​ផ្ញើ​មក​ខ្ញុំ។       ពីរ​ថ្ងៃក្រោយ​មក ពេល​កំណត់​ក៏​បាន​ហួស​ទៅ ហើយ​ខ្ញុំ​នៅ​តែ​មិន​ឃើញ​គាត់​យក​ក្រដាស់​មក​ប្រគល់​ឲ្យ​ខ្ញុំ​ទៀត។ គាត់​មិន​បាន​ធ្វើ  ដូច​ពាក្យសម្តី​របស់​គាត់​ទេ។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​យុវ​ជន​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​សិស្ស​របស់​ខ្ញុំ​ដែរ។​ ឪពុក​គាត់​បាន​ឲ្យ​គាត់​ធ្វើ​ការងារ​ខ្លះ ក្នុង​ចំការ​ទំពំាង​បាយ​ជូរ។ គាត់​ក៏​បាន​ប្រាប់​ឪពុក​គាត់​ថា គាត់​នឹង​ទៅ​ធ្វើ​កិច្ច​ការ​ទាំង​នោះ(ម៉ាថាយ ២១:៣០)។ តែ​គាត់​បានតែ​និយាយ មិន​ឃើញ​ធ្វើ​អ្វី​សោះ។ ពេល​ដែល​លោក​ម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើ​ការ​ពន្យល់​អំពី​រឿង​ប្រៀប​ប្រដូច​នេះ គាត់​បាន​បក​ស្រាយ​ថា “ផ្កា​ក្រពុំ និង​ផ្ការ​ដែល​រីក មិន​មែន​ជា​ផ្លែ​ឈើ​ទេ”។ បាន​សេចក្តី​ថា ពាក្យ​សម្តី​យើង​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក តែ​បើ​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្តី​យើង​ទេ នោះ​ពាក្យ​សម្តី​យើង​គ្មាន​ផល​ផ្លែ គ្មាន​តម្លៃ​អ្វី​ឡើយ។​ ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ សំដៅ​ទៅ​លើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ចម្បង ព្រោះ​ពួក​គេ​អួត​ថា ខ្លួន​ស្តាប់​បង្គាប់​ព្រះ តែ​មិន​ព្រម​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ​ការ​ប្រែ​ចិត្ត​ចេញ​ពី​បាប​ឡើយ។ តែ​ព្រះ​បន្ទូល​ទ្រង់​ក៏​មាន​ន័យ ចំពោះ​យើង​ផង​ដែរ។​ កាល​ណា​យើង​ដើរ​តាម​ព្រះ “ដោយ​ការ​ប្រព្រឹត្ត និង​សេចក្តី​ពិត” (១យ៉ូហាន ៣:១៨) គឺ​មិន​និយាយ​បាន​តែ​បបូរ​មាត់ នោះ​គឺ​មាន​ន័យ​ថា យើង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះអម្ចាស់ និង​ព្រះ​សង្រ្គោះ​នៃ​យើង​ហើយ។

សកម្ម​ភាព​ដែល​យើង​ធ្វើ ដោយ​ស្តាប់​បង្គាប់​ព្រះ គឺ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ការ​គោរព និង​ការ​សរសើរ​ដំកើង ចំពោះ​ទ្រង់ លើស​ពី​ពាក្យ​សម្តី​ដែល​យើង​និយាយ​បាន​តែ​បបូរ​មាត់ ឬបាន​តែ​ពិរោះ​ស្តាប់។-Dave Branon