មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​មនុស្ស​មួយ​ក្រុម ដែល​មាន​ចំណង​ទំនាក់​ទំនង​ដ៏​រឹង​មាំ ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់ អាយុ ៩៣​ឆ្នាំ បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ទូរស័ព្ទ​ទៅ​អ្នក​ណា​​ក៏​បាន ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា នៅ​ម៉ោង ២ រំលង​អាធ្រាត ដោយ​មិន​ចាំ​បាច់​និយាយ​សុំ​ទោស​ក៏​បាន បើ​សិន​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ការ​អ្វី​មួយ”។ រឿង​នេះ​បាន​បង្ហាញ​ថា មិត្ត​ភក្តិ​មួយ​ក្រុម​នេះ​ មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ព្រោះ​ពេល​ពួក​គេ​ណា​ម្នាក់​ត្រូវ​ការ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ ឬត្រូវ​ការ​ជំនួយ​ដោយផ្ទាល់ ឬ​ត្រូវ​ការ​នរណា​ម្នាក់ ឲ្យ​នៅ​ក្បែរ ក្នុង​ពេល​លំបាក នោះ​គេ​អាច​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ ទោះ​ជា​នៅ​ពេល​យល់​កណ្តាល​អាធ្រាត​ក៏ដោយ។

លក្ខណៈ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ដូច​នេះ ក៏​មាន​ចែង​ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​របស់​ព្រះ​យេស៊ូវ នៅ​ក្រុងកូល៉ុស​ផង​ដែរ។ កាល​នោះ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ ក្នុង​ពន្ធ​ធនាគា នៅ​ក្រុង​រ៉ូម ផ្ញើ​ទៅ​លោក​ទីឃីកុស និង​លោក​អូនេស៊ីម ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ(កូល៉ុស ៤:៧-៩)។ លោក​អើរីស្តាក ម៉ាកុស និង​យូស្ទូស ក៏​បាន​ផ្ញើ​នូវ​ក្តី​នឹក​រឭក​តាម​សំបុត្រ​របស់​គាត់​ផង​ដែរ(ខ.១០-១១)។ លោក​អេប៉ាប្រាស ក៏​បាន “​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យគេរាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក”​(ខ.១២)។

សំបុត្រ​នេះ​បាន​បង្ហាញ​អំពី​ចំណង​ទាក់​ទង​ដ៏​រឹង​មាំ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​ការ​ជួយ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន​ស្លាប់​រស់ ក្នុង​ជំនឿ។ តើ​អ្នក​មាន​ចំណែក​នៅ​ក្នុង​ក្រុម​ប្រភេទ​នេះ​ឬ​ទេ? បើ​សិន​ជា​ដូច្នោះ​មែន នោះ​ចូរ​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ភាព​ស្មោះ​ត្រង់ ដែល​មិត្ត​សំឡាញ់​អ្នក មាន​ចំពោះ​អ្នក​ចុះ។ តែ​បើ​មិន​ដូច្នោះ​ទេ ចូរ​ទូល​សូម​ដល់​ព្រះ​អម្ចាស់ ឲ្យ​តភ្ជាប់​អ្នក ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ម្នាក់​ទៀត ដែល​អាច​អធិ​ស្ឋាន និង​យក​អសារ​គ្នា ​ដោយ​ការ​ប្តេជ្ញា​ចិត្ត។ ខ្ញុំ​ជឿ​ថា បន្ទាប់​ពី​អ្នក​បាន​អនុវត្ត​ដូច​នេះ​ហើយ មិន​យូរ​ប៉ុន្មាន មាន​មនុស្ស​កាន់​តែ​ច្រើន​នឹង​ចូល​រួម​ជា​មួយ​អ្នក​ទៀត។ ចូរ​ចែក​រំលែក​សេចក្តី​ស្រឡាញ់​ព្រះ​គ្រីស្ទ ដល់​គ្នា​ទៅ​វិញទៅ​មក ទោះ​ជា​ដោយ​មធ្យោ​បាយ​ណា នៅ​ពេល​ណា ឬ​នៅ​កន្លែង​ណា​ក៏​ដោយ។ ចូរ​ធ្វើ​ទាំង​អស់ ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ!-David McCasland