ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ការិ​យ៉ា​ល័យ​តូច​មួយ ដែល​ខ្ញុំ​បាន​ជួល ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ មាន​តែ​សត្វ​រុយ​កំសត់​ពីរ​បី​ក្បាល​ប៉ុណ្ណោះ ដែល​បាន​យក​ទី​កន្លែង​នោះ ​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ។ រូប​កាយ​របស់​ពួក​វា​បាន​ស្លាប់ មិន​ដឹង​ជា​តាំង​ពី​ពេល​ណា នៅ​លើ​កម្រាល​ឥដ្ឋ និង​នៅ​មាត់​បង្អួច។ ខ្ញុំ​ក៏​បាន​យក​ខ្មោច​ពួក​វា​ទៅ​ចោល​ក្នុង​ធុង​សម្រាម តែ​នៅ​សល់​មួយ​ក្បាល​ទៀត នៅ​កណ្តាល​វាល។

សាក​សព​របស់​សត្វ​រុយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​ត្រូវ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​បាន​ល្អ។ សេចក្តី​ស្លាប់​ជា​ការ​រំឭក​ដ៏​ប្រសើរ អំពី​ជីវិត ហើយ​ជីវិត​ជា​អំណោយ​របស់ព្រះ​​។ សេ្តច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់ គឺ​មាន​សង្ឃឹម(សាស្តា ៩:៤)។ ជីវិត​របស់​យើង​នៅ​លើ​ផែន​ដី​នេះ បាន​ផ្តល់​ឱកាស ឲ្យ​យើង​ជិះ​ឥទ្ធិ​ពល និង​អរ​សប្បាយ​នឹង​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង។ មនុស្ស​ជា​ច្រើន​អាច​ញាំ និង​ផឹក​យ៉ាង​រីក​រាយ ហើយ​ក៏​សប្បាយ​នឹង​ទំនាក់​ទនង​របស់​ខ្លួន​ផង​ដែរ​(ខ.៧,៩)។

មនុស្ស​ជា​ច្រើន​ក៏​អាច​អរ​សប្បាយ​នឹង​ការងារ​ផង​ដែរ។ ស្តេច​សាឡូម៉ូន​បាន​ឲ្យ​យោបល​ថា “ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ”(ខ.១០)។​ ទោះ​ជា​យើង​មាន​មុខ​របរ ​ការងារ ឬ​តួរនាទី​អ្វី​ក៏ដោយ ក្នុង​ជីវិត យើង​នៅ​តែ​អាច​ធ្វើ​កិច្ចការ​ដែល​សំខាន់ ហើយ​ធ្វើ​ឲ្យ​កិច្ច​ការ​នោះ​ឲ្យ​បាន​ល្អ ដូច​ជា លើក​ទឹក​ចិត្ត​អ្នក​ដទៃ អធិ​ស្ឋាន និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះត្រង់ ជា​រៀង​រាល់​ថ្ងៃ។

បទ​គម្ពីរ​សាស្តា​បាន​ចែង​ថា “គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ”(ខ.១១-១២)។ យើង​មិន​អាច​ដឹង​ថា ជីវិត​យើង​នៅលើ​ផែន​ដី​នេះ នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ តែ​យើង​នៅ​អាច​រក​ឃើញ​ក្តី​អំណរ និង​គោល​បំណង​នៃ​ការ​រស់​នៅ ក្នុង​ពេល​សព្វ​ថ្ងៃ ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ហើយ​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​សន្យា​ថា នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា​និច្ច(យ៉ូហាន ៦:៤៧)។-Jennifer Beson Schuldt