អ្នក​ស្រី​ដារ៉ា តូរេស(Dara Torres) ជា​កីឡាករ​ហែល​ទឹក​របស់​អាមេរិក ដែល​មាន​អាជីព​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​គាត់​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​​កីឡា​អូឡាំ​ពិក​៥​លើក ចាប់​ពី​ឆ្នាំ ​១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុង​ដំណាក់​កាល​បន្ទាប់ ក្នុង​អាជីព​របស់​អ្នក​ស្រី​តូរេស គាត់​បាន​បំបែក​ឯកត្ត​កម្ម​របស់​អាមេរិក ក្នុង​ការ​ហែល​សេរី ចម្ងាយ​៥០​ម៉ែត្រ បន្ទាប់​ពី​គាត់​បាន​កំណត់​ឯកត្តកម្ម​នេះ បាន​២៥​ឆ្នាំ។ គាត់​មិន​តែង​តែ​បាន​មេដាយ សម្រាប់​ការ​បំបែក​ឯកត្ត​កម្ម​ទាំង​នោះ​ឡើយ។ អ្នក​ស្រី​តូរេស​ក៏​បាន​ជួប​ឧបស័គ្គ​ជា​ច្រើន ក្នុង​អាជីព​ជា​កីឡា​ករ ដែល​មាន​ដូច​ជា ការ​មាន​របួស ការ​វៈ​កាត់ និង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ភាគ​ច្រើន ដែល​មាន​អាយុ​តិច​ជាង​គាត់​ស្ទើរ​តែ​ពីរ​ដង។

គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឈ្នះ ក្នុង​គ្រប់​ការ​ទាំង​អស់ ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង… ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​បរា​ជ័យ ក៏​មាន​ប្រយោជន៍​ផង​ដែរ គឺ​វា​អាច​ជួយ​បញ្ឆេះ​ឲ្យ​យើង​មាន​ក្តី​ស្រមៃ​ថ្មី”។ នេះ​ជា​មេរៀន​ដ៏​ប្រសើរ សម្រាប់​ជីវិត។ អ្នក​ស្រី​តូរេស​បាន​ខិត​ខំលើក​ទឹក​ចិត្ត​ខ្លួន​ឯង ឲ្យ​ឈាន​ទៅ​ដល់​ជ័យ​ជម្នះ​មាន​កំរិត​កាន់​តែ​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​ផង​ដែរ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។

ការ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នេះ ពេល​ជីវិត​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ តែ​វា​មាន​ភាព​ចាំ​បាច់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។ ទុក្ខ​លំបាក​ជា​ឱកាស​សម្រាប់​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ ទុក្ខ​លំបាក​ក៏​បាន​បើក​ផ្លូវ ឲ្យ​យើង​ទទួល​មេរៀន​នៃ​ជីវិត ដែល​យើង​មិន​អាច​រៀន​បាន​ពី​ជ័យ​ជម្នះ ព្រោះ​ទុក្ខ​លំបាក​ជួយ​បង្រៀន​ឲ្យ​យើង​មាន​ការ​អត់​ធ្មត់ នៅ​ក្នុង​ការ​រង់​ចាំ​ព្រះ​អម្ចាស់ ហើយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ប្រទាន​កម្លាំង ឲ្យ​យើង​អត់​ទ្រាំ។

អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។-Bill Crowder