កាលពីឆ្នាំ ១៧៨០ លោករ៉ូបឺត រៃគ៍(Robert Raikes) មានចិត្តឈឺឆ្អាលចំពោះក្មេងក្រីក្រ ដែលមិនមានការអប់រំ ក្នុងតំបន់ដែលគាត់រស់នៅ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គាត់បានកត់សំគាល់ឃើញថា គេមិនបានធ្វើអ្វីសោះ ដើម្បីជួយដល់ក្មេងៗទាំងនេះ ដូចនេះ គាត់ក៏បានចាប់ផ្តើមធ្វើឲ្យមានភាពខុសប្លែក។ គាត់បានជួលស្រ្តីមួយក្រុម ឲ្យបើកសាលារៀន សម្រាប់ក្មេងៗទាំងនោះ នៅថ្ងៃអាទិត្យ។ គ្រូបង្រៀនទាំងនោះបានយកព្រះគម្ពីរ ប្រើជាសៀវភៅមេរៀន ដើម្បីបង្រៀនក្មេងក្រីក្របំផុតនៅទីក្រុងឡុង ឲ្យចេះអាន និងបានបង្ហាត់ពួកគេ ឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរផងដែរ។ មិនយូរប៉ុន្មាន មានក្មេងប្រហែល១០០នាក់ បានចូលរៀនក្នុងថ្នាក់រៀនទាំងនោះ ហើយក៏បានបរិភោគអាហារថ្ងៃត្រង់ ដោយរីករាយ ក្នុងបរិស្ថានស្អាត និងមានសុវត្ថិភាព។
គេក៏បានហៅសាលារៀនទាំងនោះថា “សាលារៀនថ្ងៃអាទិត្យ” ដែលបានប៉ះពាល់ជីវិតក្មេងប្រុសស្រីរាប់ពាន់នាក់។ មកដល់ឆ្នាំ ១៨៣១ សាលារៀនថ្ងៃអាទិត្យ ក្នុងចក្រភពអង់គ្លេស បានទទួលសិស្សឲ្យចូលរៀនបានដល់ចំនួន១លាននាក់ ទាំងអស់នេះ គឺដោយសារបុរសម្នាក់ ដែលបានយល់អំពីសេចក្តីពិត ដែលបានចែងមកថា “មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ”(សុភាសិត ២៩:៧)។
ជាការពិតណាស់ ព្រះយេស៊ូវបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកដែលកំពុងជួបការលំបាក់។ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់បានបង្រៀនថា អ្នកដើរតាមព្រះគ្រីស្ទត្រៀមខ្លួនជាស្រេច សម្រាប់ការយាងមកវិញនៃព្រះអម្ចាស់ ដោយជួយអ្នកស្រេកឃ្លាន ឲ្យមានអាហារបរិភោគ និងជួយអ្នកស្រេកទឹក ឲ្យមានទឹកផឹក ជួយអ្នកគ្មានជម្រកឲ្យមានផ្ទះនៅ ជួយអ្នកគ្មានសំលៀកបំពាក់ ឲ្យមានខោអាវស្លៀក និងជួយកម្សាន្តចិត្តអ្នកមានជម្ងឺ និងអ្នកដែលជាប់ពន្ធធនាគារ(ខ.៣៥-៣៦)។
ពេលយើងធ្វើបន្ទាល់ឲ្យគេដឹងថា ព្រះយេស៊ូវគង់នៅក្នុងចិត្តយើង នោះមានន័យថា យើងកំពុងថ្វាយព្រះកិត្តិនាមដល់ព្រះសង្រ្គោះនៃយើង ដែលមានពេញដោយព្រះទ័យអាណិត ដោយយើងយកចិត្តទុកដាក់ចំពោះអ្នកដែលព្រះទ្រង់ស្រឡាញ់។-Dave Branon