កាល​ពី​ឆ្នាំ ១៧៨០ លោក​រ៉ូបឺត រៃគ៍(Robert Raikes) មាន​ចិត្ត​ឈឺ​ឆ្អាល​ចំពោះ​ក្មេង​ក្រីក្រ ​ដែល​មិន​មាន​ការ​អប់​រំ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស។ គាត់​បាន​កត់​សំគាល់​ឃើញ​ថា គេ​មិន​បាន​ធ្វើ​អ្វី​សោះ ដើម្បី​ជួយ​ដល់​ក្មេង​ៗ​ទាំង​នេះ ដូច​នេះ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក។ គាត់​បាន​ជួល​ស្រ្តី​មួយ​ក្រុម ឲ្យ​បើក​សាលា​រៀន សម្រាប់​ក្មេង​ៗ​ទាំង​នោះ នៅ​ថ្ងៃ​អាទិត្យ។ គ្រូ​បង្រៀន​ទាំង​នោះ​បាន​យក​ព្រះ​គម្ពីរ ប្រើ​ជា​សៀវភៅ​មេរៀន ​ដើម្បី​បង្រៀន​ក្មេង​ក្រី​ក្រ​បំផុត​នៅ​ទីក្រុង​ឡុង ឲ្យ​ចេះ​អាន និង​បាន​បង្ហាត់​ពួក​គេ ឲ្យ​ស្គាល់​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន មាន​ក្មេង​ប្រហែល​១០០​នាក់ បាន​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​ទាំង​នោះ ហើយ​ក៏​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដោយ​រីក​រាយ ក្នុង​បរិស្ថាន​ស្អាត និង​មាន​សុវត្ថិ​ភាព។

គេ​ក៏​បាន​ហៅ​សាលា​រៀន​ទាំង​នោះ​ថា “សាលា​រៀន​ថ្ងៃ​អាទិត្យ” ដែល​បាន​ប៉ះ​ពាល់​ជីវិត​ក្មេង​ប្រុស​ស្រី​រាប់​ពាន់​នាក់។ មក​ដល់​ឆ្នាំ ​១៨៣១ សាលា​រៀន​ថ្ងៃ​អាទិត្យ ក្នុង​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​បាន​ដល់​ចំនួន​១​លាន​នាក់ ទាំង​អស់​នេះ គឺ​ដោយ​សារ​បុរស​ម្នាក់ ដែល​បាន​យល់​អំពី​សេចក្តី​ពិត ដែល​បាន​ចែង​មក​ថា “មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ”(សុភាសិត ២៩:៧)។

ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក់។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់​បាន​បង្រៀន​ថា អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់ ដោយ​ជួយ​អ្នក​ស្រេក​ឃ្លាន ឲ្យ​មាន​អាហារ​បរិ​ភោគ និង​ជួយ​អ្នក​ស្រេក​ទឹក ឲ្យ​មាន​ទឹក​ផឹក ជួយ​អ្នក​គ្មាន​ជម្រក​ឲ្យ​មាន​ផ្ទះ​នៅ ជួយ​អ្នក​គ្មាន​សំលៀក​បំពាក់ ឲ្យ​មាន​ខោ​អាវ​ស្លៀក និង​ជួយ​កម្សាន្ត​ចិត្ត​អ្នក​មាន​ជម្ងឺ និង​អ្នក​ដែល​ជាប់​ពន្ធ​ធនាគារ(ខ.៣៥-៣៦)។

ពេល​យើង​ធ្វើ​បន្ទាល់​ឲ្យ​គេ​ដឹង​ថា ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ចិត្ត​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​សង្រ្គោះ​នៃ​យើង ដែល​មាន​ពេញ​ដោយ​ព្រះ​ទ័យ​អាណិត ដោយ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​ព្រះ​ទ្រង់​ស្រឡាញ់។-Dave Branon