កំណាព្យ ដែល​ជា​សេចក្តី​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ភ្ជួរីធិន មាន​ចំណង​ជើង​ថា “ជ្រលង​នៃ​ទស្សន​វិស័យ” និយាយ​អំពី​ចំងាយ​រវាង​មនុស្ស​មាន​បាប និង​ព្រះ​ដ៏​បរិសុទ្ធ​របស់​ពួក​គេ។ បុរស​ដែល​មាន​បាប​នោះ​បាន​ទូល​ទៅ​ព្រះ​ថា “ទ្រង់​បាន​នាំ​ទូល​បង្គំ​មក​ជ្រលង​នៃ​ទស្សន​វិស័យ… ដែលហ៊ុម​ព័ទ​ដោយ​ភ្នំ​នៃ​អំពើ​បាប តែ​ទូល​បង្គំ​បាន​មើល​ឃើញ​សិរីល្អ​ទ្រង់”។ បុរស​នោះ​ដឹង​ថា​ខ្លួន​មាន​បាប តែ​គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម។ គាត់​បន្ត​ទៀត​ថា “គេ​អាច​មើល​ឃើញ​ពន្លឺ​ផ្កាយ ពី​ក្នុង​អណ្តូង​ដែល​ជ្រៅ​បំផុត ហើយ​អណ្តូង​កាន់​តែ​ជ្រៅ​ប៉ុណ្ណា នោះ​ពន្លឺ​ទ្រង់​ក៏​បាន​បញ្ចេញ​ពន្លឺ​ចូល​ទៅ​កាន់​តែ​ភ្លឺ​ច្បាស់”។ ទី​បំផុត​បទ​កំណាព្យ​នេះ​ក៏​បាន​បញ្ចប់ ដោយ​ការ​ទូល​សូម​ថា “សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​ពន្លឺ​ទ្រង់ ក្នុង​ភាព​ងងឹត… សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​សិរីល្អ​ទ្រង់ ក្នុង​ជ្រលង​របស់​ទូល​បង្គំ”។

លោក​យ៉ូណាស​បាន​រក​ឃើញ​សិរីល្អ​ព្រះ ក្នុង​អំឡុង​ពេល​ដែលគាត់​កំពុង​នៅ​ក្នុង​ទីជម្រៅ​នៃ​មហា​សមុទ្រ។ គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​ក៏​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​ពោះ​ត្រី ដោយ​សារ​តែ​អំពើ​បាប​របស់​គាត់។ លោក​យ៉ូណាស​ក៏​បាន​ស្រែក​រក​ព្រះ​ពី​ក្នុង​ពោះ​ត្រី​ថា “​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ”(យ៉ូណាស ២:៤)។ ទោះ​ជាគាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​វេទនា​ដូច​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ទូល​ទ្រង់​ថា “​ទូលបង្គំ​បាន​នឹក​ដល់​ព្រះយេហូវ៉ា ហើយ​សេចក្តី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់”(ខ.៧)។ ព្រះ​ទ្រង់​ក៏​បាន​ឮ​គាត់​អធិ​ស្ឋាន ហើយ​ក៏​បាន​ឲ្យ​សត្វ​ត្រី​ដោះ​លែង​គាត់។​ ទោះ​បី​ជា​អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ក្តី យើង​នៅ​តែ​អាច​មើល​ទៅ​​​ទ្រង់ ពី​ចំណុច​ដ៏​ទាប​បំផុត​នៃ​ជីវិត​យើង ហើយ​ឃើញ​ទ្រង់ ឃើញ​ភាព​បរិសុទ្ធ សេចក្តី​ល្អ និង​ព្រះ​គុណ​ទ្រង់។

បើ​យើង​ងាក​បែរ​ចេញ​ពី​អំពើ​បាប​យើង ហើយ​សារ​ភាព​ចំពោះ​ព្រះ ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង។ ព្រះ​ទ្រង់​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​នៅ​ក្នុង​ជ្រលង​ភ្នំ។-Jennifer Benson Schuldt