កំណាព្យ ដែលជាសេចក្តីអធិស្ឋានរបស់គ្រីស្ទបរិស័ទភ្ជួរីធិន មានចំណងជើងថា “ជ្រលងនៃទស្សនវិស័យ” និយាយអំពីចំងាយរវាងមនុស្សមានបាប និងព្រះដ៏បរិសុទ្ធរបស់ពួកគេ។ បុរសដែលមានបាបនោះបានទូលទៅព្រះថា “ទ្រង់បាននាំទូលបង្គំមកជ្រលងនៃទស្សនវិស័យ… ដែលហ៊ុមព័ទដោយភ្នំនៃអំពើបាប តែទូលបង្គំបានមើលឃើញសិរីល្អទ្រង់”។ បុរសនោះដឹងថាខ្លួនមានបាប តែគាត់នៅតែមានក្តីសង្ឃឹម។ គាត់បន្តទៀតថា “គេអាចមើលឃើញពន្លឺផ្កាយ ពីក្នុងអណ្តូងដែលជ្រៅបំផុត ហើយអណ្តូងកាន់តែជ្រៅប៉ុណ្ណា នោះពន្លឺទ្រង់ក៏បានបញ្ចេញពន្លឺចូលទៅកាន់តែភ្លឺច្បាស់”។ ទីបំផុតបទកំណាព្យនេះក៏បានបញ្ចប់ ដោយការទូលសូមថា “សូមឲ្យទូលបង្គំរកឃើញពន្លឺទ្រង់ ក្នុងភាពងងឹត… សូមឲ្យទូលបង្គំរកឃើញសិរីល្អទ្រង់ ក្នុងជ្រលងរបស់ទូលបង្គំ”។
លោកយ៉ូណាសបានរកឃើញសិរីល្អព្រះ ក្នុងអំឡុងពេលដែលគាត់កំពុងនៅក្នុងទីជម្រៅនៃមហាសមុទ្រ។ គាត់បានបះបោរប្រឆាំងនឹងព្រះ ហើយក៏បានធ្លាក់ខ្លួនចូលក្នុងពោះត្រី ដោយសារតែអំពើបាបរបស់គាត់។ លោកយ៉ូណាសក៏បានស្រែករកព្រះពីក្នុងពោះត្រីថា “ទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ”(យ៉ូណាស ២:៤)។ ទោះជាគាត់ស្ថិតក្នុងស្ថានភាពដ៏វេទនាដូចនេះក៏ដោយ ក៏គាត់នៅតែទូលទ្រង់ថា “ទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្តីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់”(ខ.៧)។ ព្រះទ្រង់ក៏បានឮគាត់អធិស្ឋាន ហើយក៏បានឲ្យសត្វត្រីដោះលែងគាត់។ ទោះបីជាអំពើបាបបានធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះក្តី យើងនៅតែអាចមើលទៅទ្រង់ ពីចំណុចដ៏ទាបបំផុតនៃជីវិតយើង ហើយឃើញទ្រង់ ឃើញភាពបរិសុទ្ធ សេចក្តីល្អ និងព្រះគុណទ្រង់។
បើយើងងាកបែរចេញពីអំពើបាបយើង ហើយសារភាពចំពោះព្រះ ទ្រង់នឹងអត់ទោសបាបឲ្យយើង។ ព្រះទ្រង់ឆ្លើយតបសេចក្តីអធិស្ឋាននៅក្នុងជ្រលងភ្នំ។-Jennifer Benson Schuldt