សាលា​វិទ្យា​ល័យ ដែល​ខ្ញុំ​បាន​ទៅ​រៀន​កាល​ពី​មុន តម្រូវ​ឲ្យ​សិស្ស​សិក្សា​ភាសា​​ឡាតាំង​៤​ឆ្នាំ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​ពី​តម្លៃ​នៃ​ការ​រៀន​ភាសា​មួយ​នេះ តែ​កាល​ពី​មុន វា​ជា​ការ​សិក្សា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់។ កាល​នោះ គ្រូ​របស់​ខ្ញុំ​ជឿ​ថា ការ​អនុវត្តន៍ និង​ការ​ទន្ទេញ​ច្រើន​លើក​ច្រើន​សារ មាន​ប្រយោជន៍​ណាស់។ បាន​ជា​គាត់​តែង​តែ​និយាយ​ឮ​ៗ មក​កាន់​យើង ជា​ភាសា​ឡាតាំង ​មួយ​ថ្ងៃ​បី​ដង​ថា “ការ​ទន្ទេញ ជា​មាតា​នៃ​ការ​រៀន​សូត្រ”។ យើង​ក៏​បាន​និយាយ​តែ​ក្នុង​ចិត្ត​ថា “ការ​ទន្ទេញ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់”។

ការ​ទន្ទេញ​ជា​ការ​ថា​ដដែល​ៗ​ញយ​ៗ ឲ្យ​ចាំ​មាត់ ជា​សកម្ម​ភាព​ច្រំ​ដែល ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​នឿយ​ណាយ។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា​ ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ច្រំ​ដែល ​នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ គ្មាន​ការ​បណ្តាល​ចិត្ត និង​គ្មាន​ភាព​ក្លៀវក្លា ដែល​យើង​ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត។ ទស្សន​វិទូ​ដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​ច្រំដែល ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ធម្មតា ហើយ​មាន​ការ​ចាំ​បាច់ ដូច​ជា​ការ​ញាំ​នំប៉័ង​ដែរ”។ តែ​គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា “ការ​ធ្វើ​ច្រំ​ដែល​អាច​ជា​នំប៉័ង​ដែល​ធ្វើ​ឲ្យ​យើង​ឆ្អែត ដោយ​ព្រះ​ពរ”។

បើ​សិន​ជា​យើង​ធ្វើ​កិច្ច​ការ​ដដែល​ៗ ថ្វាយ​ព្រះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ចូរ​យើង​បន្ត​ធ្វើ​កិច្ចការ​នីមួយ​ៗ កុំ​ឲ្យ​ណាយ​ចិត្ត ទោះ​កិច្ចការ​ទាំង​នោះ មាន​ភាព​សាមញ្ញ តូច​ទៀប ឬ​ហាក់​ដូច​ជា​មិន​សូវ​មាន​តម្លៃ​ក៏​ដោយ ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរដល់​​កិច្ចការ​ទាំង​នោះ និង​សូម​ឲ្យ​​ទ្រង់​ជួយ​ឲ្យ​យើង​ធ្វើ​ត្រូវ​តាម​គោល​បំណង​ទ្រង់។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​ស្ម័គ្រ​ចិត្ត​ទទួល​យក​ភាព​គួរ​ឲ្យ​ធុញ​ទ្រាន់​នៃ​ជីវិត ហើយ​ឲ្យ​ព្រះ​ទ្រង់​កែ​ប្រែ​ការ​ទាំង​នោះ ទៅ​ជា​កិច្ច​ការ​ដ៏​បរិសុទ្ធ ដែល​នៅ​ចុង​បញ្ចប់ យើង​នឹង​ទទួល​នូវ​ព្រះ​ពរ​ដ៏​អស់​កល្ប​ជា​និច្ច។ កវី​កំណាព្យ ឈ្មោះ​ជឺរ៉ាដ មែនលេយ ហប់ឃីន(Gerard Manley Hopkins) បាន​មាន​ប្រសាសន៍​ថា “ការ​លើក​ដៃ​ឡើង​អធិ​ស្ឋាន អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ តែ​ការ​ដែល​បុរស​ម្នាក់​កាន់​ចប​កាប់ ធ្វើ​ការ​ក្នុង​ចំការ និង​ស្រ្តី​ម្នាក់​កាន់​ផើង​ទឹក ក៏​អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ផង​ដែរ។ ព្រះ​ទ្រង់​ធំ​ប្រសើរ​ណាស់ បាន​ជា​យើង​អាច​ប្រើ​ការ​ល្អ​​គ្រប់​យ៉ាង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់”។

បើ​សិន​ជា​អ្វី​ៗ​ដែល​យើង​ធ្វើ សុទ្ធ​តែ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ នោះ​យើង​នឹង​រក​ឃើញ​ក្តី​អំណរ និង​ខ្លឹម​សារ នៅ​ក្នុង​កិច្ចការ​ដ៏​សាមញ្ញ​បំផុត ដែល​យើង​ថ្វាយ​ទ្រង់ ហើយ​យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល។-David Roper