មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ដែល​ខ្ញុំ​រស់​នៅ។ គាត់​ជា​បុរស​ដែល​មាន​ការ​មមា​ញឹក​ខ្លាំង ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន តែ​បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ការ​ប្រជុំ​ដ៏​សំខាន់​មួយ ដោយ​ការ​ហត់​នឿយ គាត់​ក៏​បាន​ឈ្លាត​ពេល​បាន​កន្លះ​ម៉ោង ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ទាំង​ប្រញាប់​ប្រញាល់ នៅ​ពេល​យប់​ជ្រៅ​បន្តិច​ហើយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ យើង​មាន​អំណរ ចំពោះ​ការ​ដែល​គាត់​មក​លេង​ផ្ទះ​យើង តែ​ខ្ញុំ​ចាំ​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ចាន​បាយ​ខ្ញុំ ហើយ​គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​ថា “យើង​ទទួល​បាន​តែ​សំណល់​នៃ​ពេលវេលា​គាត់​ប៉ុណ្ណោះ”។ បន្ទាប់​មក ខ្ញុំ​ក៏​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង​ហើយ ដែល​ខ្ញុំ​បាន​ថ្វាយ​តែ​សំណល់​នៃ​ពេល​វេលា ដល់​​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ជួន​កាល ខ្ញុំ​បាន​ថ្វាយ​ពេល​តែ​បន្តិច ដែល​ខ្ញុំ​នៅ​សល់​មុនពេល​ខ្ញុំ​គេង​លក់។

លោក​ដានីយ៉ែល​ក៏​ជា​មនុស្ស​រវល់​ផង​ដែរ។ គាត់​មាន​តំណែង​ខ្ពស់ នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​សម័យ​បុរាណ ដូច​នេះ ខ្ញុំ​យល់​ថា ​គាត់​រវល់​ស្ទើរ​តែ​រក​ពេល​ទំនេរ​គ្មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គាត់​បាន​បង្កើត​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​ព្រះ ដោយ​អធិ​ស្ឋាន​មួយ​ថ្ងៃ​បី​ដង ដោយ​ការ​សរសើរ​ដំកើង ហើយ​អរ​ព្រះ​គុណ​ទ្រង់។ ការ​អនុវត្តន៍​ជាប់​ជា​ប្រចាំ​នេះ បាន​ជួយ​ឲ្យ​គាត់​មាន​ជំនឿ​រឹង​មាំ ដែល​មិន​ចេះ​រេរា ពេល​គាត់​ជួប​ការ​បៀត​បៀន(ដានីយ៉ែល ៦)។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​យើង​រាល់​គ្នា។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​អាច​យាង​ទ្រង់ ចូល​គង់​នៅ​ក្នុង​ពេល​ថ្ងៃ​នេះ ហើយ​បន្ទាប់​មក យើង​អាច​សរសើរ​ដំកើង​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​យើង ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត យើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ដ៏​មាន​តម្លៃ​ជា​មួយ​ទ្រង់ ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​។

ពេល​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ ក្នុង​ការ​អធិ​ស្ឋាន និង​ក្នុង​ព្រះ​បន្ទូល​ទ្រង់ យើង​នឹង​មាន​ការ​លូត​លាស់ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ និង​បាន​ផ្លាស់​ប្រែ ឲ្យ​កាន់​តែ​ល្អ​ដូច​ទ្រង់​។ ពេល​យើង​យក​ពេល​ជា​មួយ​ព្រះ ជា​អាទិ​ភាព យើង​នឹង​បាន​អរ​សប្បាយ​កាន់​តែ​ខ្លាំង​នឹង​ព្រះ​វត្ត​មាន​ទ្រង់ ដែល​នៅ​ប្រកប​ជា​មួយ​យើង ក្នុង​គ្រប់​ទំាង​ដំណើរ​ទាំង​អស់​នៃ​ជីវិត​យើង។-Keila Ochoa