ដោយសារក្រុងរីយូកាន នៅប្រទេសន័រវេយ មានទីតាំងក្នុងតំបន់ជួរភ្នំខ្ពស់ៗ ស្ថិតក្នុងរយៈបណ្តោយខាងជើងនៃផែនដី នោះប្រជាជននៅទីនោះ មិនបានទទួលពន្លឺថ្ងៃ ដែលជាពន្លឺធម្មជាតិ ចាប់ពីខែតុលា ដល់ខែមិនា។ ដើម្បីជួយឲ្យក្រុងនោះមានពន្លឺ ប្រជាជននៅទីនោះ ក៏បានដំឡើងកញ្ចក់ធំៗជាច្រើន នៅលើចង្កេះភ្នំ ដើម្បីបញ្ចាំងពន្លឺថ្ងៃចូលទៅក្នុងទីលានប្រជុំជនរបស់ក្រុងនោះ។ ពន្លឺថ្ងៃអាចបន្តបញ្ចាំងចូលក្រុងនោះទៅបាន ដោយសារកញ្ចក់យក្សទំាងនោះ បានបង្វិលទៅតាមទិសរបស់ថ្ងៃរះ និងលិច។
ខ្ញុំចូលចិត្តគិតថា ជីវិតជាគ្រីស្ទបរិស័ទក៏មានលក្ខណៈស្រដៀងនឹងកញ្ចក់ទាំងនោះផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលថា សិស្សទ្រង់ជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័កយ៉ូហាន ក៏បានពិពណ៌នាផងដែរថា ព្រះគ្រីស្ទជាពន្លឺដ៏ពិត “ដែលភ្លឺមកក្នុងសេចក្តីងងឹត”(យ៉ូហាន ១:៥)។ ដូចនេះ ព្រះយេស៊ូវក៏បានត្រាសហៅយើង ឲ្យបញ្ចាំងពន្លឺទ្រង់ ចូលទៅក្នុងភាពងងឹត ដែលនៅជុំវិញខ្លួនយើង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះជាការត្រាសហៅ សម្រាប់ឲ្យយើងបង្ហាញសេចក្តីស្រឡាញ់ នៅចំពោះមុខនៃសេចក្តីសម្អប់ និងបង្ហាញការអត់ធ្មត់ នៅចំពោះមុខនៃបញ្ហា ហើយបង្ហាញសន្តិភាព នៅចំពោះមុខនៃការប៉ះទង្គិច។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ”(អេភេសូរ ៥:៨)។
ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ ពន្លឺរបស់យើងគឺជាពន្លឺដែលចាំងចេញពីព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ។ យើងមិនអាចបញ្ចេញពន្លឺបានដោយខ្លួនឯងឡើយ យើងត្រូវពឹងផ្អែកលើព្រះយេស៊ូវ។ គឺមិនខុសពីកញ្ចក់ធំៗនៅក្រុងរីយូកាន ដែលត្រូវការពន្លឺពីព្រះអាទិត្យ ដើម្បីឲ្យអាចបញ្ចាំងពន្លឺចូលទៅក្នុងក្រុង។-Lawrence Darmani