ដោយ​សារ​ក្រុងរីយូកាន នៅ​ប្រទេស​ន័រវេយ មាន​ទីតាំង​ក្នុង​តំបន់​ជួរ​ភ្នំ​ខ្ពស់​ៗ ស្ថិត​ក្នុង​រយៈ​បណ្តោយ​ខាង​ជើង​នៃ​ផែនដី នោះ​ប្រជា​ជន​នៅ​ទី​នោះ មិន​បាន​ទទួល​ពន្លឺ​ថ្ងៃ ដែល​ជា​ពន្លឺ​ធម្ម​ជាតិ ចាប់​ពី​ខែ​តុលា ដល់​ខែ​មិនា។ ដើម្បី​ជួយ​ឲ្យ​ក្រុង​នោះ​មាន​ពន្លឺ ប្រជា​ជន​នៅ​ទីនោះ ក៏​បាន​ដំឡើង​កញ្ចក់​ធំ​ៗ​ជា​ច្រើន នៅ​លើ​ចង្កេះ​ភ្នំ ដើម្បី​បញ្ចាំង​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ក្នុង​ទីលាន​ប្រជុំ​ជន​របស់​ក្រុង​នោះ។ ពន្លឺ​ថ្ងៃ​អាច​បន្ត​បញ្ចាំង​ចូល​ក្រុង​នោះ​ទៅ​បាន ដោយ​សារ​កញ្ចក់​យក្ស​ទំាង​នោះ បាន​បង្វិល​ទៅ​តាម​ទិស​របស់​ថ្ងៃ​រះ និង​លិច។

ខ្ញុំ​ចូល​ចិត្ត​គិត​ថា ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កញ្ចក់​ទាំង​នោះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា សិស្ស​ទ្រង់​ជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ សាវ័ក​យ៉ូហាន ក៏​បាន​ពិពណ៌​នា​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​ជា​ពន្លឺ​ដ៏​ពិត “ដែល​ភ្លឺមក​ក្នុង​សេចក្តី​ងងឹត”(យ៉ូហាន ១:៥)។ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បញ្ចាំង​ពន្លឺ​ទ្រង់ ចូល​ទៅ​ក្នុង​ភាព​ងងឹត ដែល​នៅ​ជុំវិញ​ខ្លួន​យើង។​ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ នេះ​ជា​ការ​ត្រាស​ហៅ សម្រាប់​ឲ្យ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ចំពោះ​មុខ​នៃ​សេចក្តី​សម្អប់ និង​បង្ហាញ​ការ​អត់​ធ្មត់ នៅ​ចំពោះ​មុខ​នៃ​បញ្ហា ហើយ​បង្ហាញ​សន្តិ​ភាព នៅ​ចំពោះ​មុខ​នៃ​ការ​ប៉ះទង្គិច។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា “ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ”(អេភេសូរ ៥:៨)។

ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ ពន្លឺ​របស់​យើង​គឺ​ជា​ពន្លឺ​ដែល​ចាំង​ចេញ​ពី​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។​ យើង​មិន​អាច​បញ្ចេញ​ពន្លឺ​បាន​ដោយ​ខ្លួន​ឯង​ឡើយ យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេស៊ូវ។ គឺ​មិន​ខុស​ពី​កញ្ចក់​ធំ​ៗ​នៅ​ក្រុង​រីយូកាន ​ដែល​ត្រូវ​ការ​ពន្លឺ​ពី​ព្រះ​អាទិត្យ ដើម្បី​ឲ្យ​អាច​បញ្ចាំង​ពន្លឺ​ចូល​ទៅ​ក្នុង​ក្រុង។-Lawrence Darmani