ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ទស្សនា ការ​បាញ់​កាំ​ជ្រួច​ធំ​ៗ ក្នុង​អំឡុង​ពេល​នៃ​ការ​អប​អរ​ពិធី​បុណ្យ​មួយ ក្នុង​ទីក្រុង​ខ្ញុំ ខ្ញុំ​ក៏​បាន​ជួប​ការ​រំខាន។ នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ មាន​ការ​បាញ់​កាំជ្រួច​តូច​ៗ​ទៅ​លើ​មេឃ យូរ​ៗ​ម្តង។ កាំ​ជ្រួច​តូច​ៗ​ទាំង​នោះ ក៏​ល្អ​មើល​ផង​ដែរ តែ​បើខ្ញុំ​មើល​ពួក​វាច្រើន​ពេក ខ្ញុំ​អាច​ភ្លេច​មើល​ផ្ទាំង​ទស្សនីយ​ភាព ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ជាង ​កំពុង​បញ្ចេញ​សម្រស់​នៅ​ខាង​លើ​ស្រាប់។

ជួន​កាល រឿង​ដែល​​ល្អ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ពី​​រឿង​​ដែល​ល្អ​ជាង។ ការ​នេះ​បាន​កើត​ឡើង ក្នុងដំណើរ​ជីវិត​របស់​នាង​ម៉ាថា ដូច​ដែល​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ​លូកា ១០:៣៨-៤២។ ពេល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថានី នាង​ម៉ាថា​ក៏​បាន​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ផ្ទះនាង​យ៉ាង​កក់​ក្តៅ។ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្អ ត្រូវ​មាន​នរណា​ម្នាក់​រៀប​ចំ​ម្ហូប​អាហារ សម្រាប់​ភ្ញៀវ​បរិភោគ។

ពេល​នាង​ម៉ាថា​ត្អូញ​ត្អែ​ថា នាង​ម៉ារា ដែល​ជា​ប្អូន​ស្រី មិន​ជួយ​កិច្ច​ការ​នាង ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា ការ​ដែល​នាង​ម៉ារា​សម្រេច​ចិត្ត​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ដើម្បី​ស្តាប់​ព្រះ​បន្ទូល ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ។​ តែ​ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​មិន​បាន​មាន​បន្ទូល​ថា នាង​ម៉ារា​មាន​ជំនឿ​ខ្លាំង​ជាង​នាង​ម៉ាថា​ឡើយ។ នៅ​ពេល​ខ្លះ ​នាង​ម៉ាថា​ហាក់​ដូច​ជា​បង្ហាញ​ចេញ​នូវ​ជំនឿ​ចំពោះ​ព្រះយេស៊ូវ បាន​ច្រើន​ជាង​នាង​ម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយ​ទ្រង់​ក៏​មិន​បាន​ស្តី​បន្ទោស​នាង​ម៉ាថា ដែល​កំពុង​ខ្នះ​ខ្នែង​នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សាច់​ឈាម​របស់​គេ​គ្រប់​គ្នា​ ក្នុង​ផ្ទះ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​ម៉ាថា​ដឹង​ថា ពេល​យើង​កំពុង​ជាប់​រវល់​ក្នុង​ការងារ​បម្រើ​ព្រះ ការ​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​ផ្នែក​ដែល​សំខាន់​ជាង​គេ។-Anne Cetas