កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ពី​ក្មេង ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ដែល​មិន​ចូល​ចិត្ត​ញាំ​សណ្តែក​ខៀវ​។ ពេល​យើង​ហុច​សណ្តែក​ខៀវ​ឲ្យ​គាត់​ញំា សម្រាប់​អាហារ​ពេល​ល្ងាច គាត់​ក៏​បាន​និយាយ​ថា “អត់​ញាំ​ទេ”។ ពេល​នោះ យើង​ចង់​ឲ្យ​គាត់​និយាយ​ថា “កូន​អត់​ញាំ​ទេ អរគុណ​ប៉ា”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ញាំ​សណ្តែក​ខៀវ​ទេ!” រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​ណែ​នាំគាត់ អំពី​សុជីវ​ធម៌ នៅ​ក្នុង​ការ​និយាយ​ស្តី។ តាម​ពិត យើង​ក៏​ធ្លាប់​ពិភាក្សា អំពី​បញ្ហា​សុជីវធម៌​ជា​ច្រើន​លើក​មក​ហើយ​ដែរ។

ព្រះ​អម្ចាស់​នៃ​យើង​ទ្រង់​បាន​រំឭក​យើង​ថា យើង​ត្រូវ​មាន​ចិត្ត​ដែល​ដឹង​គុណ ពេល​ដែល​យើង​បាន​ទទួល​អ្វី​មួយ គឺ​មិន​គ្រាន់​តែ​និយាយ​អរ​គុណ ដោយ​ការ​គួរ​សម​ប៉ុណ្ណោះ​​ទេ​។ មាន​ខគម្ពីរ​ជា​ច្រើន ដែល​បាន​ក្រើន​រំឭក​យើង​ថា ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​អម្ចាស់។ ជាក់​ស្តែង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៨ បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ ដោយ​ពាក្យ​ថា “ចូរ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា”(ខ.១,២៩)។ យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះ ពេល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(១០០:៤)។ ហើយ​គ្រប់​ទាំង​សេចក្តី​សំណូម​ដែល​យើង​ទូល​ថ្វាយ​ដល់​ទ្រង់ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​វិញ្ញាណ​នៃ​ការ​អរ​ព្រះ​គុណ(ភីលីព ៤:៦)។ ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​យើង​នឹក​ចាំ អំពី​ព្រះ​ពរ​ដ៏​បរិបូរ​ដែល​ព្រះ​ទ្រង់​ប្រទាន។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​ភាព​វឹក​វរ និង​ភាព​អស់​សង្ឃឹម ក៏​ព្រះ​វត្ត​មាន និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។

ហេតុ​នេះ​ហើយ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។-Joe Stowell