តាំង​ពី​យូរ​មក​ហើយ មុន​ពេល​គេ​ចេះ​ច្នៃ​បង្កើត​កញ្ចក់ ឬ​បន្ទះ​រលោង​សម្លាប់​ឆ្លុះ​មុខ មនុស្ស​កម្រ​នឹង​បាន​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ណាស់។ កាល​នោះ ពួក​គេ​អាច​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ ​នឹង​​ទឹក​ថ្លុក ទឹក​អូរ ទឹក​ពាង ។ល។ តែ​បន្ទាប់​ពី​គេ​បាន​ច្នៃ​បង្កើត​កញ្ចក់​មក របៀប​នៃ​ការ​ឆ្លុះ​មើល​មុខ​ក៏​មាន​ការ​ផ្លាស់​ប្តូរ។​ ហើយ​ក្រោយ​មក ការ​ច្នៃប​ង្កើត​កាំមេរ៉ា​ថត​រូប បាន​នាំ​ឲ្យ​យើង​អាច​មើល​រូប​ភាព​របស់​ខ្លួន​ឯង តាម​របៀប​ដែល​កាន់​តែ​ទាក់​ទាញ​បាន​មួយ​កម្រឹត​ទៀត។ សព្វ​ថ្ងៃ​នេះ រូប​ថត​បាន​ធ្វើ​ជា​វត្ថុ​ដែល​ផ្តិត​យក​រូប​ភាព​យើង  សម្រាប់​ឲ្យ​យើង​ទុក​មើល​បាន​ពេញ​មួយ​ជីវិត។ យើង​អាច​រក្សា​ទុក​រូប​ថត នៅ​ក្នុង​អាល់​ប៊ុម​រូប​ថត និង​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​គ្រួសារ ដែល​យើង​អាច​យក​មក​មើល​ម្តង​ហើយ​ម្តង​ទៀត តែ​វា​ក៏​អាច​មាន​ផល​វិបាក សម្រាប់​សុខុមាល​ភាព ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។

ការ​សប្បាយ​នៅ​ក្នុង​ការ​មើល​រូប​ភាព​ខ្លួនឯង អាច​ធ្វើ​ឲ្យ​យើង​ផ្តោត​ទៅ​លើ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​យើង​ពេក ហើយ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ចាប់​អារម្មណ៍ ចំពោះ​ការ​ពិនិត្យ​មើល​វិញ្ញាណ​របស់​យើង ​ដែល​នៅ​ខាង​ក្នុង។ ការ​ពិនិត្យ​មើល​ខ្លួន​ឯង មាន​សារៈ​សំខាន់ ចំពោះ​ខុស​ភាព​ខាង​វិញ្ញាណ​របស់​យើង។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យយើង​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​លទ្ធ​ផល​អាក្រក់ ពី​ការ​សម្រេច​ចិត្ត​ធ្វើ​អំពើ​បាប។ ការ​នេះ​សំខាន់​ណាស់ បាន​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា យើង​មិន​អាច​ចូល​រួម នៅ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ដោយ​មិន​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង​ជា​មុន​បាន​ឡើយ​(១កូរិនថូស ១១:២៨)។ ការ​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ​ផង​ដែរ។ ពិធី​លៀង​ព្រះ​អម្ចាស់ ជា​ការ​រំឭក អំពី​រូប​កាយ​ព្រះ​គ្រីស្ទ ហើយ​យើង​មិន​អាច​ប្រារព្ធ​ពិធី​នេះ​បាន​ត្រឹម​ត្រូវ​ឡើយ បើ​សិន​ជា​យើង​មិន​បាន​រស់​នៅ ដោយ​សុខុដម​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ទេ​នោះ។

ការ​មើល​ឃើញ និង​ការ​សារ​ភាព​អំពើ​បាប​របស់​យើង ជួយ​លើក​ដំកើង​ឲ្យ​មាន​ការ​រួប​រួម ​ជា​មួយ​អ្នក​ដទៃ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ។-Julie Ackerman Link