កាល​ស្វាមី​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ សម្រាប់​មុខ​ជំនួញ​របស់​គាត់ គាត់​បាន​ឮ​សម្លេង​ចម្លែក ពេល​គាត់​ទើប​តែ​បាន​ចូល​ស្នាក់​នៅ ក្នុង​បន្ទប់​សណ្ឋា​គារ។ គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​សាល​នៃ​សណ្ឋាគារ ដើម្បី​រក​មើល ហើយ​ក៏​បាន​ឮ​សម្លេង​មនុស្ស​ម្នាក់​ស្រែក ចេញ​ពី​បន្ទប់​ដែល​នៅ​ក្បែរ​នោះ។​ ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​សណ្ឋាគារ គាត់​ក៏​បាន​រក​ឃើញ​ថា មាន​បុរស​ម្នាក់ កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក។ គន្លឹះ​របស់​បន្ទប់​ទឹក​នោះ​បាន​ខូច ហើយ​បុរស​នោះ​ក៏​បាន​ជាប់​នៅ​ខាង​ក្នុង ទាំង​ភ័យ​ស្លន់​ស្លោរ។ គាត់​មាន​អារម្មណ៍​ថា ដក​ដង្ហើម​មិន​រួច ហើយ​ក៏​បាន​ចាប់​ផ្តើម​ស្រែក​ឲ្យ​គេ​ជួយ។

នៅ​ក្នុង​ជីវិត​យើង ជួន​កាល យើង​មាន​អារម្មណ៍​ថា ជាប់​នៅ​ក្នុង​អន្ទាក់​ទៅ​ណា​មិន​រួច។ យើង​មាន​អារ្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​មួយ។ យើង​អង្រួន​ទ្វារ ទំាង​ខំ​ទាញ​គន្លឹះ​បើក​ទ្វារ ​តែ​នៅ​តែ​បើក​មិន​ចេញ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ គឺ​មិន​ខុស​ពី​បុរស​ដែល​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក​សណ្ឋាគារ​នោះ​ឡើយ។

ដើម្បី​ទទួល​ជំនួយ​ពី​ខាង​ក្រៅ  យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​គ្មាន​សង្ឃឹម​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ។ ជួន​កាល យើង​ខំ​មើល​ទៅខាង​ក្នុង​ចិត្ត​យើង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​របស់​យើង តែ​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា “​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង”(យេរេមា ១៧:៩)។ តាម​ពិត ជា​ញឹក​ញាប់ យើង​ជា​ប្រភព​នៃ​បញ្ហា​របស់​យើង។

តែ​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​“​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:២០)។ ហេតុ​នេះ​ហើយ ទ្រង់​ជ្រាប​ច្បាស់​ថា ត្រូវ​ជួយ​យើង​ដោយ​របៀប​ណា។ មាន​តែ​ព្រះ​ទេ ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​ការ​​ផ្លាស់​ប្រែ​យ៉ាង​ស្ថិត​ស្ថេរ និង​មាន​ការ​រីក​ចម្រើន​ដ៏​ពិត​បា្រកដ។​ ពេល​យើង​ទុក​ចិត្ត​ព្រះ និង​រស់នៅ ដើម្បី​បំពេញ​ព្រះ​ទ័យ​ទ្រង់ យើង​អាច​មាន​ការ​រីក​ចម្រើន ដោយ​បាន​រួច​ពី​ចំណង និង​មាន​សេរីភាព​ដ៏​ពិត។-Jennifer Benson Schuldt