នៅដើមសតវត្សរ៍ទី២០ ប្រជាពលរដ្ឋ ក្រុងហ្វ៊ត ប្រាក រដ្ឋកាលីហ្វូញ៉ា មានទម្លាប់ចោលសំរាម ដោយគ្រវែងពីលើជ្រលងភ្នំ ចូលទៅក្នុងឆ្នេរសមុទ្រដែលនៅក្បែរនោះ។ គេសង្កេតឃើញមានកំប៉ុង ដប គ្រឿងសម្រាប់បរិភោគ និងកាកសំណល់ក្នុងផ្ទះ គរពីលើគ្នាជាគំនរធំៗ គួរឲ្យខ្ពើមរអើម។ សូម្បីតែនៅពេលដែលប្រជាពលរដ្ឋឈប់ចោលសំរាមនៅលើឆ្នេរនោះហើយក៏ដោយ ក៏គំនរសំរាមទាំងនោះ នៅតែជាក្តីអាម៉ាសសម្រាប់ពួកគេ គឺហាក់ដូចជាមិនអាចកែខៃបាន។
ទោះជាយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំក្រោយមក រលកសមុទ្រក៏បានធ្វើឲ្យបែកសំបកដប កែវ និងកញ្ចក់ និងគ្រឿងក្អមឆ្នាំងធ្វើពីដីឥដ្ឋ ហើយក៏បានបក់បោកសំរាមទាំងនេះចូលទៅក្នុងសមុទ្រ។ ទឹករលកដែលបក់បោកឥតឈប់ឈរ បានប្រមៀល និងត្រឡប់អំបែងកញ្ចក់ និងកែវទាំងនោះចុះឡើងៗ នៅលើដីខ្សាច់បាតសមុទ្រ គឺមិនខុសពីការសំលៀង និងដុះខាត់ផ្ទៃអំបែងកញ្ចក់ និងកែវទាំងនោះឲ្យមានរាង្គមូល និងរលោងស្អាត បង្កើតជា “កែវសមុទ្រ” ដែលមានសម្រស់ដូចគ្រាប់ត្បូង ដែលក្រោយមក ទឹករលកក៏បានបក់នាំពួកវាទៅលើឆ្នេរវិញ។ ទឹករលកបានកែប្រែអំបែងកញ្ចក់ និងកែវទាំងនោះ ឲ្យមានរូបរាង្គ និងពណ៌ផ្សេងៗ ចម្រុះគ្នាយ៉ាងស្រស់ស្អាត ដែលសព្វថ្ងៃនេះ ភ្ញៀវទេសចរណ៍ទាំងឡាយ កំពុងមកទស្សនានៅលើឆ្នេរអំបែងកញ្ចក់នេះ ដោយការភ្ញាក់ផ្អើល។
ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកមានភាពរញេរញ៉ៃ ដូចគំនរសំរាម ហាក់ដូចជាគ្មានប្រយោជន៍ និងក្តីសង្ឃឹមអ្វីសោះ។ បើអ្នកកំពុងមានអារម្មណ៍យ៉ាងដូចនេះមែន នោះសូមចាំថា មានព្រះមួយអង្គដែលស្រឡាញ់អ្នក ហើយកំពុងតែរង់ចំាប្រោសលោះ ស្រោចស្រង់ និងទទួលយកអ្នកជាកម្មសិទ្ធិរបស់ទ្រង់។ ចូរថ្វាយចិត្តរបស់អ្នកដល់ព្រះយេស៊ូវ ហើយសូមឲ្យទ្រង់សម្អាតអ្នកឲ្យស្អាតបរិសុទ្ធ។
ទ្រង់អាចត្រឡប់អ្នកចុះឡើង ហើយប្រើការលំបាក ដើម្បីដុះខាត់អំបែងរបស់អ្នកឲ្យរលោងស្អាត ដោយចំណាយពេលជាច្រើនឆ្នាំ។ តែទ្រង់នឹងមិនបោះបង់អ្នកចោលឡើយ។ ទ្រង់នឹងធ្វើឲ្យអ្នក ក្លាយជាគ្រឿងអលង្ការបស់ទ្រង់!-Dave Roper