ក្នុង​ប្រពៃណីយ​របស់​ជន​ជាតិ​អ័ខាន(Akan) នៅ​ប្រទេស​ហ្កាណា មាន​សុភាសិត​មួយ​ពោល​ថា “សត្វ​បង្កួយ​ខឹង​នឹង​ក្មេង​ប្រុស ដែល​បាន​ចោល​ថ្ម​ដាក់​វា តែ​វា​ខឹង​កាន់​តែ​ខ្លាំង ចំពោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ឈរ​ឱប​ដៃ​មើល ហើយ​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​វា!” ការ​អរសប្បាយ​នឹង​ការ​ដួល​ចុះ​របស់​អ្នក​ដទៃ គឺ​មិន​ខុស​ពី​ការ​ចូល​រួម ជា​មួយ​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ​នោះ​ឡើយ ឬ​ថែម​ទាំង​មិន​ខុស​ពី​ការ​ប្រាថ្នា​ចង់​ឲ្យ​គាត់​ជួប​ការ​អាក្រក់​កាន់​តែ​ច្រើន។

នោះ​ជា​អាកប្ប​កិរិយ៉ា​របស់​ពួកសាសន៍​អាំម៉ូន ដែល​បាន​សើច​ចម្អក​យ៉ាង​សប្បាយ​រីក​រាយ​ ពេល​ដែល​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡិម “​ត្រូវ​បង្អាប់ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ផង”(អេសេគាល ២៥:៣)។ ដោយ​សារ​ពួក​សាសន៍​អាំម៉ូន​បាន​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​ពួក​អ៊ីស្រា​អែល ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ត្រូវ​ទទួល​លទ្ធ​ផល​ដ៏​អាក្រក់(ខ.៤-៧)។

តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​អ្នក​ជិត​ខាង​យើង ​ជួប​មហន្ត​រាយ ឬ​បញ្ហា​អ្វី​មួយ? បើ​សិន​ជា​គាត់​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ ដែល​រួស​រាយ​រាក់​ទាក់ នោះ​យើង​ប្រាកដ​ជា​អាណិត​គាត់ ហើយ​ទៅ​ជួយ​គាត់​មិន​ខាន។ ចុះ​បើ​សិន​ជា​គាត់​មិន​គួរ​ឲ្យ​រាប់​អាន ហើយ​ចូល​ចិត្ត​បង្ករ​រឿង? និស្ស័យ​របស់​យើងពី​កំណើត គឺ​ប្រហែល​ជា​មិន​ចង់​អើពើរ​ចំពោះ​គាត់ ឬ​ថែម​ទាំង​អរ​សប្បាយ​ស្ងាត់​ៗ ចំពោះ​ការ​ដួល​ចុះ​របស់​គាត់​ទៀត​ផង។

ព្រះ​គម្ពីរ​សុភាសិត​បាន​ដាត់​តឿន​យើង​ថា “កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំងសត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ”(២៤:១៧)។ ​ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​“ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​យើង”(ម៉ាថាយ ៥:៤៤)។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា ​យើង​កំពុង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ឲ្យ​លោកិយ​បាន​ស្គាល់ ហើយ​យើង​កំពុង​តែ​ត្រាប់​តាម សេចក្តី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​អម្ចាស់(៥:៤៨)។-Lawrence Darmani