កាលពីជាង៥០ឆ្នាំមុន កម្មវិធីទូរទស្សន៍មួយ ដែលមានចំណងជើងថា ពីធីបុណ្យណូអែលរបស់លោកឆាលី ប្រោន(Charlie Brown) ត្រូវបានគេចាក់ផ្សាយ នៅតាមទូរទស្សន៍អាមេរិកជាលើកដំបូង។ នាយកប្រតិបត្តិនៃបណ្តាញទូរទស្សន៍ខ្លះ យល់ថា កម្មវីធីនេះ នឹងគ្មានគេចាប់អារម្មណ៍ ហើយខ្លះទៀតបារម្ភថា ការដកស្រង់ខគម្ពីរ នៅក្នុងកម្មវិធីមួយនេះ នឹងធ្វើឲ្យទស្សនិកជនដែលមិនមែនជាគ្រីស្ទបរិស័ទ មានការមិនសប្បាយចិត្ត។ អ្នកខ្លះទៀតចង់ឲ្យលោក ឆាល ស៊ូល(Charles Schulz) ដែលជាអ្នកបង្កើតកម្មវិធីនេះ លុបរឿងណូអែល ចេញពីកម្មវិធីទូរទស្សន៍ តែលោកស៊ូលនៅតែទទូចឲ្យគេចាក់ផ្សាយ។ កម្មវិធីទូរទស្សន៍នេះ ក៏បានទទួលជោគជ័យភ្លាមៗ ហើយគេក៏បានចាក់ផ្សាយឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦៥រៀងមក។
លោកឆាលី ប្រោន ជាអ្នកដឹកនាំការសម្តែងល្ខោនបុណ្យណូអែល សម្រាប់កុមារ។ គាត់មានការនឿយណាយ និងការបាក់ទឹកចិត្ត ដោយសារវិញ្ញាណនៃការផ្សាយពាណិជ្ជកម្ម ក្នុងរដូវកាលបុណ្យណូអែល បានប្រែជាផ្តោតទៅលើការផ្សព្វផ្សាយអំពីផលិតផលផ្សេងៗ ក្នុងរដូវកាលដ៏មានអំណរនេះវិញ។ ពេលនោះ គាត់ក៏បានសួរគេថា តើមាននរណាអាចប្រាប់គាត់ អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល? លោកឡាយនើស(Linus) ក៏បានដកស្រង់បទគម្ពីរ លូកា ២:៨-១៤ ដែលរួមមានបទគម្ពីរដែលចែងថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូត្រដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១១-១៤)។ បន្ទាប់មក លោកឡាយនើសក៏និយាយថា “លោកឆាលី ប្រោន នេះហើយជាអត្ថន័យនៃពិធីបុណ្យណូអែល”។
ក្នុងអំឡុងពេលនៃពិធីបុណ្យណូអែល យើងប្រហែលជាមានការសង្ស័យ និងក្តីស្រមៃផ្សេងៗ ហេតុនេះហើយ យើងចាំបាច់ត្រូវជញ្ជឹងគិតជាថ្មី អំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ ដែលបានបង្ហាញចេញនៅក្នុងរឿងបុណ្យណូអែល ដែលមានលោកយ៉ូសែប នាងម៉ារា និងព្រះឱរសយេស៊ូវ ព្រមទាំងពួកទេវតា ដែលបានប្រកាសអំពីការប្រសូត្រនៃព្រះសង្រ្គោះ។
នេះហើយជាអត្ថន័យនៃពិធីបុណ្យណូអែល។-David McCasland