មានពេលមួយ មន្រ្តីប៉ូលីសម្នាក់បានបញ្ឈប់រថយន្តរបស់ស្រ្តីម្នាក់ ដោយសារកូនស្រីគាត់មិនបានអង្គុយក្នុងកៅអីសុវត្ថិភាពសម្រាប់ក្មេងតូច ដែលច្បាប់បានតម្រូវ។ ពេលនោះ គាត់អាចចេញបង្កាន់ដៃផាកពិន័យ សម្រាប់ការធ្វើខុសច្បាប់ចរាចរណ៍ តែផ្ទុយទៅវិញ គាត់បានសុំឲ្យអ្នកទាំងពីរទៅជួបគាត់ នៅហាងទំនិញនៅក្បែរនោះ។ គាត់ក៏បានទិញកៅអីសុវត្ថិភាពឲ្យពួកគេ។ ម្តាយក្មេងស្រីនោះកំពុងឆ្លងកាត់ពេលដ៏ពិបាក ហើយមិនមានលទ្ធភាពទិញកៅអីសុវត្ថិភាពឲ្យកូនស្រីគាត់ទេ។
ស្រី្តជាម្តាយគួរតែទទួលការផាកពិន័យ ដោយសារការធ្វើខុសច្បាប់ តែផ្ទុយទៅវិញ នាងបែរជាបានទទួលអំណោយពីមន្ត្រីប៉ូលីសចិត្តល្អ។ អ្នកដែលស្គាល់ព្រះគ្រីស្ទ ក៏បានពិសោធន៍នឹងរឿងដ៏ល្អដូចនេះផងដែរ។ យើងម្នាក់ៗសមនឹងទទួលទោស សម្រាប់ការបំពានក្រឹត្យវិន័យរបស់ព្រះ(សាស្តា ៧:២០)។ តែដោយសារព្រះយេស៊ូវ នោះយើងក៏បានទទួលព្រះគុណព្រះ ដែលយើងមិនសមនឹងទទួល។ ព្រះគុណព្រះ បានរំដោះយើង ឲ្យរួចពីលទ្ធផលនៃអំពើបាបរបស់យើង ដែលជាសេចក្តីស្លាប់ និងការដាច់ចេញពីព្រះអស់កល្បជានិច្ច(រ៉ូម ៦:២៣)។
“យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧)។ អ្នកខ្លះបានឲ្យនិយមន័យថា ព្រះគុណព្រះ គឺជា “សេចក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត”។ ពេលដែលស្រ្តីជាម្តាយរូបនោះ បានជួបរឿងដ៏គួរឲ្យរំភើបនេះហើយ គាត់ក៏បាននិយាយប្រាប់មន្ត្រីប៉ូលីសនោះថា “ខ្ញុំនឹងអរព្រះគុណព្រះជានិច្ច! …ពេលណាខ្ញុំមានលុយល្មមនឹងទិញកៅអីសុវត្តិភាព ខ្ញុំនឹងយកលុយនោះទៅជួយអ្នកដទៃទៀត”។ ការឆ្លើយតប ដោយការដឹងគុណ និងដោយចិត្តទូលាយ ចំពោះអំណោយរបស់មន្ត្រីប៉ូលីសយ៉ាងដូចនេះ ជាឧទារហណ៍គំរូដែលលើកទឹកចិត្ត ដល់យើងរាល់គ្នា ដែលបានទទួលអំណោយនៃព្រះគុណព្រះ!-Jennifer Benson Schuldt