ពេលលោកអាសាម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែលជាកីឡាករជម្រើសជាតិហ្កាណា បានទាត់បាល់បញ្ចូលទីក្រុមជម្រើសជាតិអាឡឺម៉ង់ ក្នុងការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៤ គាត់ និងក្រុមរបស់គាត់ក៏បាននាំគ្នារាំបោះជំហានទៅមុខស្រុះគ្នា។ ពីរបីនាទីក្រោយមក ពេលលោករីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែលជាកីឡាករអាឡឺម៉ង់ បានទាត់បញ្ចូលទីក្រុមហ្កាណាបានមួយគ្រាប់វិញ គាត់ក៏បានរត់យ៉ាងលឿន ដោយត្រឡប់ខ្លួនទៅមុខ។ “ការអបអរសាទរក្នុងកីឡារបាល់ទាត់ បន្ទាប់ពីមានការស៊ុទបញ្ចូលទី គឺពិតជាមានភាពទាក់ទាញខ្លាំងណាស់ ព្រោះវាបានបង្ហាញចេញនូវបុគ្គលិកលក្ខណៈ តម្លៃ និងភាពក្លៀវក្លារបស់កីឡាករ” នេះបើតាមប្រសាសន៍របស់លោកឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែលយកបានពិន្ទុះ ឲ្យក្រុមកីឡាករជម្រើសជាតិអាមេរិក ក្នុងការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០០២។
យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ១៥០ បានបង្គាប់ឲ្យ “ជីវិតទាំងអស់ ដែលមានដង្ហើម”សរសើរដំកើង ព្រះអម្ចាស់ តាមរបៀបផ្សេងៗជាច្រើន។ អ្នកនិពន្ធទំនុកនេះ ក៏បានឲ្យយើងសរសើរដំកើងទ្រង់ ដោយប្រើឧបករណ៍តន្រ្តីដូចជា ត្រែ ពិណ ស៊ុង ក្រាប់ប្រដាប់មានខ្សែ ហើយនិងខ្លុយផង ទាំងលោតរាំ។ គាត់បានលើកទឹកចិត្តយើង ឲ្យអបអរ គោរព និងបង្ហាញក្តីស្រឡាញ់ចំពោះព្រះអម្ចាស់។ ដោយសារព្រះអម្ចាស់ទ្រង់អស្ចារ្យ ហើយបានធ្វើការអស្ចារ្យ សម្រាប់រាស្រ្តទ្រង់ នោះទ្រង់សក្តិសមនឹងទទួលការសរសើរគ្រប់យ៉ាង។
ការបង្ហាញនូវការសរសើរមកខាងក្រៅ ត្រូវចេញពីជម្រៅចិត្ត ដែលមានការដឹងគុណព្រះជាហូរហៀរ។ អ្នកនិពន្ធទំនុកដំកើងបានប្រកាសឡើងថា “គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា”(១៥០:៦)។ ទោះយើងអាចសរសើរដំកើងព្រះអម្ចាស់ តាមរបៀបខុសៗគ្នាក្តី ក៏ការសរសើរដំកើងរបស់យើង ចាំបាច់ត្រូវធ្វើអស់ពីចិត្ត តាមរបៀបដ៏ត្រឹមត្រូវ ហើយមានន័យ។ ពេលយើងគិតអំពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ និងការអស្ចារ្យដែលទ្រង់បានធ្វើសម្រាប់យើង នោះការសរសើរដំកើង និងថ្វាយបង្គំរបស់យើង នឹងកើតមានឡើងដោយស្វ័យប្រវត្តិ។-Marvin Williams