នៅសហ​រដ្ឋ​អាមេរិក រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​ពេល​ប្រចំា​ឆ្នាំ ដែល​គ្រីស្ទ​បរិស័ទ​ខ្លះ អាច​ទទួល​រង​សំពាធ ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។ គេ​ស្រម៉ៃ​ថា គេ​នឹង​ប្រារព្ធ​ធ្វើ​បុណ្យ​ណូអែល ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហើយ​បន្ទាប់​មក គេ​ក៏​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធ​ភាព ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​នេះ​ក្លាយ​ជា​ការ​ពិត។ គេ​ក៏​ដើរ​ទិញ​អំណោយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់។ គេ​ក៏​បាន​ធ្វើ​គម្រោង​រៀប​ចំ​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល។ គេ​ជ្រើស​រើស​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ ឬ​សរសេរ​សំបុត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ផ្ញើរ​ទៅ​ក្រុម​គ្រួសារ។ ប៉ុន្តែ ការ​ខិត​ខំ​ខ្លាំង​ពេក ​ធ្វើ​ឲ្យ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត និង​ការ​ខក​ចិត្ត ពេល​ដែល​យើង​ស្រមៃ​ចង់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ហួស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ។ ឧទាហរណ៍ ជួន​កាល អំណោយ​ដែល​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង បាន​ទទួល​មក​វិញ​នូវ​ពាក្យ​អរ​គុណ មិន​ស្មោះ​អស់​ពី​ចិត្ត។ អាហារ​ចម្អិន​មិន​បាន​ល្អ​នៅ​ត្រង់​ផ្នែក​ខ្លះ។ បន្ទាប់​ពី​បាន​ផ្ញើ​កាត​ទៅហើយ យើង​ក៏​បាន​ដឹង​ថា យើង​បាន​សរសេរ​ខុស​នៅ​ត្រង់​ចំណុច​ខ្លះ។ ក្មេង​ៗ​ឈ្លោះ​គ្នា​ដណ្តើម​ប្រដាប់​ក្មេង​លេង​ដែល​គេ​បាន​ឲ្យ​ជា​អំណោយ។ មនុស្ស​ធំ​ក៏​យក​រឿង​ចាស់​មក​ឈ្លោះ​គ្នា​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​មាន​ការ​បាក់​ទឹក​ចិត្ត​ទេ ​ផ្ទុយ​ទៅ​វិញ យើង​គួរ​ប្រើ​ការ​ខក​ចិត្ត ដើម្បី​រំឭក​ខ្លួន​ឯង អំពី​មូល​ហេតុ​ដែល​យើង​បា្ររព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល​វិញ ព្រោះ​ការ​នេះ​មាន​សារៈ​សំខាន់​ណាស់។ យើង​ត្រូវ​ការ​ពិធី​បុណ្យ​ណូអែល ព្រោះ​គ្មាន​នរណា​ម្នាក់ អាច​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​ខ្លួន​ប៉ង​ប្រាថ្នា​ ក្នុង​រយៈ​ពេល​មួយ​ខែ មួយ​សប្តាហ៍ ឬ​សូម្បី​តែ​មួយ​ថ្ងៃ​ក៏​ដោយ។ តើ​យើង​នឹង​អាច​ប្រារព្ធ​អប​អរ​ព្រះ​រាជ​កំណើត​ព្រះ​គ្រីស្ទ ឲ្យ​មាន​ន័យ​ប៉ុណ្ណា បើ​សិន​ជា​យើង​លះ​បង់​ទ្រឹស្តី​នៃ​ការ​ខំ​ធ្វើ​អ្វី​ៗ​ឲ្យ​ល្អ​ឥត​ខ្ចោះ ​ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ព្រះ​សង្រ្គោះ​វិញ ដែល​នៅ​ក្នុង​ទ្រង់ យើង​បាន​រាប់​ជា​សុចរិត​(រ៉ូម ៣:២២)។

បើ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​របស់​អ្នក នៅ​ឆ្នាំ​នេះ មិន​បាន​ល្អ​ដូច​ការ​រំពឹង​គិត​របស់​អ្នក​ទេ ​នោះ​ចូរ​សម្រួល​អារម្មណ៍ ហើយ​ទុក​បទ​ពិសោធន៍​មួយ​នេះ សម្រាប់​ជា​ការ​រំឭក​ថា វិធី​តែ​មួយ ដើម្បី ​“ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ជា​រៀង​រហូត”(ហេព្រើ ១០:១៤) គឺ​ត្រូវ​រស់​នៅ ដោយ​ជំនឿ  ក្នុង​សេចក្តី​សុចរិត​នៃ​ព្រះ​គ្រីស្ទ។-Julie Ackerman Link