នៅពេលរសៀលថ្ងៃមួយ ខ្ញុំបានពិភាក្សាជាមួយមិត្តភក្តិម្នាក់ អំពីការប្រើប្រាស់ព្រះនាមព្រះ ក្នុងផ្លូវខុស។ ខ្ញុំបានចាត់ទុកគាត់ជាគ្រូខាងវិញ្ញាណរបស់ខ្ញុំ។ បទគម្ពីរនិក្ខមនំ ២០:៧ បានចែងថា “កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ”(និក្ខមនំ ២០:៧)។ យើងប្រហែលជាគិតថា បទគម្ពីរនេះគ្រាន់តែសំដៅទៅលើការប្រើព្រះនាមព្រះ នៅក្នុងការស្បថ ឬប្រើព្រះនាមទ្រង់ផ្តេសផ្តាស ឬខ្វះការគោរព។ ប៉ុន្តែ គ្រូរបស់ខ្ញុំកម្រនឹងភ្លេចឆក់ឱកាសបង្រៀនខ្ញុំ អំពីសេចក្តីជំនឿដ៏ពិតណាស់។ គាត់បានលើកទឹកចិត្តខ្ញុំ ឲ្យគិតអំពីទង្វើរផ្សេងទៀតរបស់យើង ដែលមិនបានគោរពព្រះនាមព្រះ។
ឧទាហរណ៍ ពេលខ្ញុំបដិសេធន៍មិនព្រមទទួលយោបល់ពីអ្នកដទៃ ហើយនិយាយថា “ព្រះបានប្រាប់ខ្ញុំឲ្យ ទៅតាមផ្លូវនេះទេ”។ ក្នុងករណីនេះ បើសិនជាខ្ញុំនិយាយ ដើម្បីតែបំពេញចិត្តខ្លួនឯងទេ នោះមានន័យថា ខ្ញុំកំពុងតែប្រើព្រះនាមទ្រង់ក្នុងផ្លូវខុសហើយ។ ពេលដែលខ្ញុំប្រើព្រះគម្ពីរខុសបរិបទ ដើម្បីព្យាយាមធ្វើឲ្យគេយល់ស្របនឹងមតិ ឬគំនិតរបស់ខ្ញុំ នោះក៏មានន័យថា ខ្ញុំកំពុងប្រើព្រះនាមព្រះ ជាអសាឥតការផងដែរ។
ម្យ៉ាងទៀត ពេលខ្ញុំបង្រៀន សរសេរ ឬនិយាយអំពីបទគម្ពីរ ដោយគ្មានការប្រុងប្រយ័ត្ន គឺខ្ញុំកំពុងប្រើព្រះនាមទ្រង់ ក្នុងផ្លូវខុស។ លោកចន ផាយភើរ(John Piper) ដែលជាអ្នកនិពន្ធគ្រីស្ទបរិស័ទបានបកស្រាយថា ការប្រើព្រះនាមព្រះ ជាអសាឥតការ គឺជាការធ្វើឲ្យព្រះនាមទ្រង់ប្រែជាទទេ ឥតមានទម្ងន់ និងសិរីល្អ គឺជាការដកភាពសំខាន់ ចេញពីព្រះនាមទ្រង់”។
ដូចនេះខ្ញុំបានទទួលការលើកទឹកចិត្ត ឲ្យថ្វាយការគោរពដល់ព្រះនាមព្រះ និងឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំង ក្នុងការប្រើព្រះបន្ទូលទ្រង់ ឲ្យបានត្រឹមត្រូវ គឺមិនត្រូវខ្វះការគោរពឡើយ។-Randy Kilgore